(ភ្នំពេញ)៖ ដើម្បីចូលរួមអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិ គាំពារសង្គមឆ្នាំ២០១៦-២០២៥ វិទ្យាស្ថានជាតិសង្គមកិច្ច នឹងបើកវគ្គបណ្តុះបណ្តាលមួយស្តីពី «កិច្ចគាំពារសង្គម» ចា​ប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ។

វិទ្យាស្ថានជាតិសង្គមកិច្ច បានរៀបចំកម្មវិធីបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណងដើម្បីកសាងសមត្ថភាពរបស់តួអង្គពាក់ព័ន្ធ ជាពិសេសប្បញ្ញាត្តិករ និងប្រតិបត្តិករដែលទទួលបន្ទុកអនុវត្តគោល នយោបាយដែលមានគោលបំណង កាត់បន្ថយភាពក្រីក្រ ប្រយុទ្ធប្រឆាំងហានិភ័យនានា លើកកម្ពស់សុខមាលភាពសង្គម និងកំណើនសេដ្ឋកិច្ច។

វគ្គបណ្តុះបណ្តាលស្តីពី «កិច្ចគាំពារសង្គម»នេះ នឹងសិក្សាលើប្រធានបទសំខាន់ៗមួយចំនួនរួមមាន៖

១៖ ទ្រឹស្តី និងទស្សនទាននៃកិច្ចគាំពារសង្គម ជំនួសសង្គម និងការធានារ៉ាប់រងសង្គម

២៖ គោលការណ៍ និងអត្ថប្រយោជន៍នានា នៃកិច្ចគាំពារសង្គម

៣៖ ហានិភ័យសង្គម និងប្រព័ន្ធសុវត្ថិភាពសង្គម

៤៖ ការផ្តល់ហិរញ្ញាវត្ថុសម្រាប់គាំពារសង្គម

៥៖ ការធានារ៉ាប់រងសុខភាព និកម្មភាព សោធន ទុព្វលភាព និងគ្រោះថ្នាក់ការងារ

៦៖ បញ្ហាអន្តរវិស័យនានាក្នុងកិច្ចគាំពារសង្គម និងករណីសិក្សាអំពីកិច្ចគាំពារសង្គមជាតិ និងអន្តរជាតិ៕