(កោះកុង)៖ លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ បានចេញមកបកស្រាយនូវបញ្ហាសំរាម ដែលស្អុយរលួយក្នុងក្រុងខេមរភូមិន្ទ។ ការបកស្រាយនេះ បានធ្វើឡើងក្រោយមានការរិះគន់ពី សំណាក់មហាជន ដោយលោកបានទទួលស្គាល់ការរិះគន់នេះ តែអ្វីដែលសំខាន់ គឺមកពីក្រុមហ៊ុនចាស់មិនគោរពកិច្ចសន្យា ក្នុងប្រមូលឱ្យទាន់ពេលវេលា ហើយម៉្យាងទៀតរយៈពេលប៉ុន្មានខែនេះ មានភ្លៀវធ្លាក់រាល់ថ្ងៃ ដែលធ្វើឱ្យក្រុមហ៊ុនចាស់មិនអាចដំណើរការបាន។

លោក ឈេង សុវណ្ណដា បានឱ្យដឹងនៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ថា ដោយអាស្រ័យលើហេតុផលខាងលើនេះ​ ទើបគាត់សម្រេចប្រជុំជាមួយគណៈកម្មការខេត្ត សម្រេចបញ្ឈប់ក្រុមហ៊ុនចាស់ចេញហើយជ្រើសរើសរកក្រុមហ៊ុនថ្មី មកវិនិយោគជាដៃគូរថ្មី ដែលមានទំនុកចិត្តក្នុងការប្រមូលសំរាមនេះ។ លោកបានបញ្ជាក់បន្ថែមថា ដោយមានការឯកភាពពីលោកស្រី មិថុនា ភូថង អភិបាលខេត្ត លោកបានជ្រើសរើសក្រុមហ៊ុន អ វ៉ាយផ្រាយអរ (R.Y.Prior)​ ដោយនឹងធ្វើកិច្ចសន្យាព្រមព្រៀង ដើម្បីចូលដំណើរការនៅថ្ងៃទី១ ខែកញ្ញា ​ឆ្នាំ២០១៨នេះតទៅ។

លោកបានថ្លែងបន្ថែមថា ចំពោះក្រុមហ៊ុនថ្មី លោកមានទំនុកចិត្ត ព្រោះការពិនិត្យក្នុងមធ្យោបាយការដឹកជញ្ជូន ក្រុមហ៊ុន អ វ៉ាយ ផ្រាយអរ មានរថយន្តសម្រាប់ប្រមូលសំរាមចំនួន៦គ្រឿង រទេះរុញ១០គ្រឿង កម្មករចំនួន២៧នាក់ ហើយចំពោះតម្លៃសេវា ក្នុងការបង់ថ្លៃប្រចាំខែរបស់ប្រជាពលរដ្ឋក្នុង១ខែៗ មិនតម្រូវលើសពីក្រុមហ៊ុនមុន ឬក្រោមក្រុមហ៊ុនមុនឡើយ។ ហេតុដូច្នេះលោកសំណូមពរដល់ប្រជាពលរដ្ឋ និងមហាជនទូទៅចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា ដើម្បីទីក្រុងស្អាតសេវាល្អ រម្មនីយ៍ដ្ឋានស្អាត ព្រោះខេត្តកោះកុង ស្ថិតក្នុងតំបន់ទេសចរណ៍ដ៏សំខាន់ ក្នុងប្រទេសកម្ពុជា ហើយខេត្តកោះកុងនៅឆ្នាំ២០១៨នេះ មានពិធីបុណ្យសមុទ្រផងដែរ។

ប្រធានក្រុមហ៊ុន អ វ៉ាយ ផ្រាយអរ បានឲ្យដឹងថា​ ដើម្បីឲ្យហេដ្ឋារចនាសម្ព័ន្ធខេត្ត ឱ្យមានសោភ័ណ្ឌភាពល្អ លោកបានស្ម័គ្រចិត្តចូលរួមចុះកិច្ចសន្យាជាមួយអាជ្ញាធរខេត្ត-ក្រុង ដើម្បីប្រមូលសំរាម នឹងអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨នេះ តទៅក្នុងរយៈពេល៥ឆ្នាំសិន ហើយចំពោះមធ្យោបាយដឹកជញ្ជូន ក្រុមហ៊ុនលោកមានរថយន្តចំនួន៦គ្រឿង រទេះរុញចំនួន១០គ្រឿង កម្មករ២៧នាក់ មានកន្លែងស្នាក់នៅត្រឹមត្រូវ មានរបបអាហារ៣ពេល ប្រាក់បៀរវត្យន៍៩០ម៉ឺនរៀល ហើយចមពោះកម្មករឈឺស្កាត់ក្រុមហ៊ុនអ្នកចំណាយថវិកាមើល។

លោកបានបញ្ជាក់ទៀតថា​ ចំពោះការប្រមូលសំរាម និងចាប់ផ្តើមនៅម៉ោង៤ដល់ម៉ោង៥ទាប់ភ្លឺ ម៉ោង១២ដល់ម៉ោង១ ម៉ោង៧ដល់ម៉ោង៨យប់ ក្នុងថ្ងៃ៣ដង ជៀងវាងការប៉ះពាល់សុខភាព ហើយតម្លៃសេវ៉ាដឹកជញ្ជូនមិនឱ្យលើពីក្រុមហ៊ុនមុនឡើយ។ ជាចុងក្រោយលោកសំណូមពរដល់ ប្រជាពលរដ្ឋមេត្តាវិចខ្ចប់សំរាម ទុកដាក់សំរាមឱ្យនានត្រឹមត្រូវដើម្បីងាយស្រួលក្នុងការប្រមូលយកទៅទុកដាក់៕