(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ឱ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានបន្ដអន្ដរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋខ្មែរ ចំនួន២៦នាក់ ឱ្យបានត្រឡប់មកមាតុភូមិវិញ។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសបានបញ្ជាក់ថា៖

១៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ ចិនធ្វើអន្តរាគមន៍ជួយសង្រ្គោះ និងរៀបចំមាតុភូមិនិវត្តន៍របស់ស្រ្តីខ្មែរចំនួន៧នាក់ ដែលត្រូវបានមេខ្យល់បោកបញ្ឆោតនាំទៅរៀបការដោយខុសច្បាប់ជាមួយបុរសជនជាតិចិន នៅក្នុងប្រទេសចិន ហើយពួកគេបានមកដល់កម្ពុជាវិញ នៅថ្ងៃទី០៩ និងទី២៣ ខែសីហា ឆ្នាំ២០១៨។

២៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ម៉ាឡេស៊ី រៀបចំមាតុភូមិនិវត្តន៍ របស់ពលករ-ពលការិនី ខ្មែរចំនួន៧នាក់ (ស្រី១នាក់) មកពីខេត្តក្រចេះ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តបាត់ដំបង ដែលបានទៅធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី ហើយមានបំណងត្រឡប់មកកម្ពុជាវិញ។ ពលករ-ពលការិនី ទាំង៧នាក់ បានមកដល់កម្ពុជាវិញ ចន្លោះពីថ្ងៃទី០៤ ដល់ទី១៥ ខែសីហា ឆ្នាំ ២០១៨។

៣៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី បានជួយសម្របសម្រួលរៀបចំមាតុភូមិនិវត្តន៍របស់ពលករនេសាទខ្មែរ ចំនួន២នាក់ មានអាយុ២៨ឆ្នាំ និង៣៦ឆ្នាំ មកពីខេត្តកំពង់ធំ ដែលត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីឃាត់ខ្លួន ក្រោយពីទូកនេសាទដែលពួកគេធ្វើការ បានចូលក្នុងដែនទឹកឥណ្ឌូនេស៊ី។ ពលករទាំង២នាក់នោះ បានត្រឡប់មកដល់កម្ពុជាវិញ នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ។

៤៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានសហការជាមួយអាជ្ញាធរចិន ធ្វើអន្តរាគមន៍ជួយស្រ្តីខ្មែរចំនួន១០នាក់ មានអាយុចន្លោះពី១៩ឆ្នាំ ដល់៣៤ឆ្នាំ មកពីខេត្តកណ្តាល, ខេតត្តកំពត, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ចាម, ខេត្តត្បូងឃ្មុំ, ខេត្តតាកែវ, ខេត្តរតនគិរី ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ ដែលត្រូវបានមេខ្យល់បោកបញ្ឆោតនាំទៅរៀបការ និងស្នាក់នៅដោយខុសច្បាប់ជាមួយបុរសជនជាតិចិន នៅប្រទេសចិន។ ស្រ្តីរងគ្រោះទាំង១០នាក់ ត្រូវបានបញ្ជូនមកដល់កម្ពុជាវិញជាបន្តបន្ទាប់ នៅថ្ងៃទី១៣ ទី១៨ និងទី២៥ ខែសីហា ឆ្នាំ២០១៨៕