(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង រីថេល ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង នឹងបើកការដ្ឋានសាងសង់ ផ្សារទំនើបខ្នាតធំដំបូងបំផុត ក្នុងទីក្រុងភ្នំពេញនាពេលឆាប់ៗខាងមុខនេះ។

ផ្សារទំនើបដ៏ធំមួយនេះ មានឈ្មោះថា ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលមានទីតាំងស្ថិតនៅ ផ្លូវ២៧១ ក្នុងគម្រោងអភិវឌ្ឍលំនៅដ្ឋានប្រណិត និងតំបន់ពាណិជ្ជកម្ម ដឹ លែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន។

ផ្សារទំនើប ជីប ម៉ុង ២៧១មេហ្គាម៉ល នឹងត្រូវបានសាងសងឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ និងជាពិសេសសម្រាប់ប្រជាជន ដែលរស់នៅក្នុងតំបន់នោះ។

ផ្សារទំនើបខ្នាតអន្តរជាតិមួយនេះមានចំណតដែលអាចផ្ទុករថយន្តបានរហូតដល់ ១៩៧០គ្រឿង និងម៉ូតូចំនួន៥៤០គ្រឿង ព្រមទាំងមានច្រកចេញចូលធំទូលាយដោយពុំចាំបាច់បារម្ភពីការកកស្ទះចរាចរណ៍ និងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងការប្រកបអាជីវកម្មនានាផងដែរ ៕