(តាកែវ)៖ ប្រជាពលរដ្ឋរាប់រយគ្រួសាររស់នៅឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ បានត្អូញត្អែថា ក្នុងពេលពួកគាត់ជួបបញ្ហាទឹកលិចរយៈជិតមួយខែមកនេះ មិនដែលឃើញអាជ្ញាធរឃុំ ស្រុក ឬខេត្ត ចុះមកសួរសុខទុក្ខនោះឡើយ ហើយមកដល់ពេលនេះ មានប្រជាពលរដ្ឋខ្លះស្ទើរតែដាច់បាយទៅហើយ ព្រោះតែមិនហ៊ានចេញទៅនេសាទត្រី ដោយសារតែភាពភ័យខ្លាចគ្រោះថ្នាក់ ដោយសារខ្យល់ និងទឹករលកខ្លាំងៗពេក។
នេះជាការលើកឡើងរបស់លោក គ្រួច វណ្ណា ជាប្រជាពលរដ្ឋឃុំគោកធ្លក បានឱ្យដឹងថា ឆ្នាំនេះទឹកធំ ទំហំនៃការលិចលង់ខ្លាំងជាឆ្នាំមុនៗ តែក្នុងចំណោម៦ឃុំ ក្នុងស្រុកអង្គបូរីគឺ ឃុំគោកធ្លក លិចខ្លាំងជាងគេ។ ក្នុងនោះមានភូមិព្រែកតាផរ, ភូមិព្រែដា, ភូមិទួលពុទ្រា និងភូមិបាក់ដៃ ដែលជាភូមិដាច់ឆ្ងាយជាងគេ ជាប់ព្រំប្រទល់ប្រទេសវៀតណាម។

លោក គ្រួច វណ្ណា បានបញ្ជាក់ថា ប្រជាពលរដ្ឋនៅតំបន់នេះ នៅរដូវទឹកសម្រក មានមុខរបរនេសាទត្រីតាមស្ទឹងអង្គរបូរី ឬតាមបឹងបួរ ព្រែកនានាដែលអាចប្រកបមុខរបរបានធ្វើស្រែ និងរបរបន្ទាប់បន្សំផ្សេងទៀត។ ចំណែករដូវនេះ ក៏ធ្វើនេសាទត្រីខ្លះដែរ សំរាប់ដោយឆ្នាំនេះទឹកធំពេក នឹងមានខ្យល់បោកបក់ខ្លាំងពេក ពួកគាត់មិនហ៊ានចេញទៅនេសាទទេ ព្រោះខ្លាចមានគ្រោះថ្នាក់ តែក៏មានគ្រួសារខ្លះប្រថុយជីវិត ចេញទៅនេសាទដែរព្រោះតែបញ្ហាជីវភាពខ្វះខាត។

ក្នុងនាមប្រជាពលរដ្ឋ នៅឃុំគោកធ្លក លោក គ្រួច វណ្ណា សូមអំពាវនាវដល់អាជ្ញាធរឃុំ ស្រុក ខេត្ត សូមចុះមកមើលសួរសុខទុក្ខប្រជាពលរដ្ឋនៅតំបន់នេះផង ព្រោះថា ស្ថិតក្នុងស្ថានភាពទឹកលិចធ្ងន់ធ្ងរបែបនេះ មានគ្រួសារខ្លះ កំពុងជួបបញ្ហាខ្វះខាតជីវភាពយ៉ាងខ្លាំង។

ជាមួយគ្នានេះ ក៏សូមឱ្យមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឬពេទ្យស្រុក ខេត្ត ចុះមកប្រចាំការ ឬមកជួយពិនិត្យ ព្យាបាលជម្ងឺជូនប្រជាពលរដ្ឋឱ្យបានញឹកញាប់ផង ក្នុងស្ថានភាពទឹកលិចមូលដ្ឋាន ទាំងស្រុងបែបនេះ ដូចនេះអាចប្រឈមខ្ពស់នឹងជម្ងឺដង្កាត់ផ្សេងៗ រួមទាំងសត្វពាហនៈផងដែរ៕