(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សា និងផ្តល់យោបល់ លើការកំណត់គម្រោង បង្កើតតំបន់ការពារធម្មជាតិថ្មីចំនួន៤ ក្នុងភូមិសាស្ត្រខេត្តកំពត។

លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានលើកឡើងថា តំបន់ការពារធម្មជាតិថ្មីៗចំនួន៤ ដែលដាក់ក្នុងស្មារតីអង្គប្រជុំសម្រេចនោះ រួមមាន៖ ១- ភ្នំក្បាលរមាស-ភ្នំឈ្ងោក ស្ថិតក្នុងស្រុកទឹកឈូ, ២- ភ្នំដំរី-ភ្នំផ្អាវ ស្ថិតក្នុងស្រុកកំពង់ត្រាច, ៣- ភ្នំកំពង់ត្រាច ស្ថិតក្នុងស្រុកកំពង់ត្រាច, និង៤- ភ្នំល្អាង ស្ថិតក្នុងស្រុកទឹកឈូ។

លោកបានបន្តថា ក្នុងគោលបំណងជួយរក្សាលំនឹងបរិស្ថាន និងលើកកម្ពស់ជីវភាព របស់ប្រជាសហគមន៍មូលដ្ឋាន តាមរយៈការបង្កើតសេវាកម្មទេសចរណ៍ ធម្មជាតិ វប្បធម៌ ជំនឿ និងមានតម្លៃមហាសាលផ្សេងៗទៀត ជាមូលហេតុត្រូវរក្សាការពារ និងអភិរក្សធនធានធម្មជាតិ ដែលជាការចាំបាច់សម្រាប់ប្រយោជន៍នាពេលបច្ចុប្បន្ន និងអនាគត។

ក្នុងកិច្ចប្រជុំនោះ លោកអភិបាលខេត្ត ជាវ តាយ ក៏បានណែនាំត្រួតពិនិត្យឡើងវិញរាល់អាជ្ញាប័ណ្ណ ដែលចេញដោយរដ្ឋបាលខេត្តកំពត ហើយចាប់តាំងពីររូបលោក ចូលមកកាន់តំណែងជាអភិបាលខេត្តកំពតមក មិនដែលបានចេញអាជ្ញាប័ណ្ណណាមួយ ឲ្យបុគ្គលណាម្នាក់កកាយភ្នំនោះទេ ហើយលោកនឹងផ្អាកអាជ្ញាប័ណ្ណ ឬលុបចោលទាំងស្រុង ប្រសិនបើក្រោយការត្រួតពិនិត្យឃើញមានភាពមិនប្រក្រតី។

ពាក់ព័ន្ធនឹងការចេញអាជ្ញាប័ណ្ណរបស់រដ្ឋបាលខេត្ត លោកកំពុងមានវិធានការ ផ្អាកមួយរយៈរាល់អាជ្ញាប័ណ្ណទាំងអស់ ដើម្បីសិក្សាត្រួតពិនិត្យ ឬលុបចោលទាំងស្រុង ដើម្បីរក្សាការពារ កុំឲ្យមានបញ្ហាកើតឡើង នៅពេលការអនុវត្តអាជ្ញាប័ណ្ណទាំងនោះ៕