(ភ្នំពេញ)៖ ទណ្ឌិត សម រង្ស៊ី ព្រោះតែមហិច្ឆតាបន្តដង្ហើមនយោបាយ របស់ខ្លួនកុំឲ្យងាប់នៅកណ្ដាលទី បន្ទាប់ពីការធ្វើនយោបាយបរាជ័យជាបន្តបន្ទាប់រហូតមកនោះ។

ឥឡូវនេះស្អីក៏ទណ្ឌិតរូបនេះហ៊ានធ្វើដែរ មិនថាឡើយ បំផ្លាញអ្នកដ៏ទៃ បំផ្លាញសហការីរបស់ខ្លួនឬ បំផ្លាញផលប្រយោជន៏ជាតិខ្មែរនោះទេ សូម្បីតែកេរ្ដ៏ឈ្មោះ និងកិត្តិយស ខ្លួនឯងក៏លែងគិតដែរ។

ថ្ងៃអាទិត្យម្សិលមិញ ខណៈកំពុងតែស្ថិតនៅលើទឹកដីអាមេរិក ដើម្បីស្វែងរកការគាំទ្រ និងការឧបត្ថម្ភពីប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ដែលពួកគាត់មិនបានដឹងពីសកម្មភាព ពិតពីប្រទេសកម្ពុជានោះទណ្ឌិត សម រង្ស៊ី បានឆ្លៀតធ្វើការផ្សព្វផ្សាយព័ត៌មាន តាមបែបបំពុលសង្គមថា ទីស្នាក់ការរបស់គណបក្សប្រជាជន នៅទីក្រុង ឡុង ប៊ិច ត្រូវបានគេបិទ ទម្លាក់ទង់បក្សទម្លាក់រូបថត មេដឹកនាំគណបក្សប្រជាជនកម្ពុជា ចុះបាត់អស់ដោយទណ្ឌិតរូបនេះ បានភ្ជាប់ថា ការទម្លាក់ទង់ បក្ស និងរូបថតថ្នាក់ដឹកនាំបក្សខាងលើគឺបន្ទាប់ពី សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើរាជរដ្ឋាភិបាលកម្ពុជារួចមក។

ក្នុងនោះទណ្ឌិត សម រង្ស៊ី បានសរសេរសារបង្ហោះ នៅលើអាកខោនហ្វេសប៊ុករបស់ខ្លួនថា៖ «ក្រោយពីទណ្ឌកម្ម ដែលសហរដ្ឋអាមេរិកបានដាក់មកលើជនផ្ដាច់ការ នៅប្រទេសកម្ពុជា ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅផ្លូវ Anaheim ក្នុងទីក្រុង ឡុងប៊ិច ត្រូវបានគេបិទដោយគេដកទង់បក្សចេញពីមុខអគារ (ផ្ទះជួលជាន់លើ) ហើយរូបថត ហ៊ុន សែន និង ហេង សំរិន ត្រូវគេទម្លាក់ចោល»

ពាក់ព័ន្ធការផ្សព្វផ្សាយព័ត៌មានគ្មានការពិតខាងលើនេះ លោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម និងជាសមាជិកជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជា មួយរូបដែលដឹងការពិត និងជាមិត្តភក្រ្តស្គាល់ជាមួយម្ចាស់ផ្ទះដែលទណ្ឌិត សម រង្ស៊ី អះអាងខាងលើនេះ បានចេញមុខទាត់ចោលនូវព័ត៌មាន ដែលផ្សព្វផ្សាយគ្មានការពិតរបស់ទណ្ឌិត សម រង្ស៊ី រូបនេះ ដោយក្នុងនោះ លោក ណៅ ធួក បានថ្លែងប្រាប់ អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ឌ នៅរសៀលថ្ងៃទី២៧ ខែសីហានេះថា៖

ទីតាំងផ្ទះខាងលើ មិនមែនគណបក្សប្រជាជន ប្រចាំទីក្រុង ឡុងប៊ិច ជួលធ្វើទីស្នាក់ការគណបក្សនោះទេ ដោយផ្ទះនោះជាកម្មសិទ្ធិរបស់សេដ្ឋីជនជាតិអាមេរិកាំងមួយរូបឈ្មោះ GARY Fultheim ស្ថិតនៅ 2338 E. Anaheim #104 ហើយដោយសារតែលោកស្រឡាញ់ប្រទេសកម្ពុជា ស្រឡាញ់ប្រជាជនកម្ពុជា និងស្រឡាញ់គណបក្សប្រជាជនកម្ពុជា លោកបានប្រគល់បន្ទប់មួយទុកសំរាប់ឲ្យ មន្ត្រីនិងសមាជិក គណបក្សប្រជាជនកម្ពុជាប្រជុំពិភាក្សាការងារ និងបន្ទប់មួយទៀតសំរាប់ឲ្យកូនខ្មែរនៅទីនោះហាត់រាំរបាំប្រពៃណី របស់ជនជាតិខ្មែរ ហើយលោកក៏បានយកទង់ គណបក្ស និងរូបថតរបស់ប្រមុខគណបក្ស រួមមានរូបថតសម្ដេចតេជោ ហ៊ុន សែន និងរូបថតសម្ដេច ពញាចក្រី ហេង សរិន ទៅតាំងនៅពីមុខផ្ទះអស់រយៈពេលជិត១០ឆ្នាំមកហើយ សូម្បីតែម៉ូតផ្ទះក៏លោកធ្វើម៉ូតតាមបែបខ្មែរដែរ។

ប៉ុន្តែប្រមាណពីរបីខែមកនេះ ដោយសារលោកមានជម្ងឺ ទើបលោក GARY Fultheim ក៏បានលក់ផ្ទះនោះទៅឲ្យអ្នកផ្សេងទើបគេដោះយកទង់បក្ស និងរូបថតដែលតាំងនៅពីមុខផ្ទះចេញ។

លោក ណៅ ធួក បានឲ្យដឹងបន្តថា ជនជាតិអាមេរិកាំងរូបនេះ ស្រឡាញ់ប្រជាជនកម្ពុជា ស្រលាញ់គណបក្សប្រជាជនកម្ពុជាខ្លាំងណាស់ ដោយលោកធ្លាប់ធ្វើដំណើរមក លេងប្រទេសកម្ពុជាមិន ក្រោមពី៥០ទៅ៦០ដងនោះទេ ហើយពេលថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សប្រជាជនកម្ពុជា ទៅសហរដ្ឋអាមេរិក ក៏លោកស្វាគមន៏យ៉ាងកក់ក្ដៅផងដែរ។

ដូច្នេះមិនមែនអាជ្ញាធរសហរដ្ឋអាមេរិក ឬអ្នកណាម្នាក់បញ្ជាឲ្យទម្លាក់ចុះដូចអ្វីដែលទណ្ឌិត សម រង្ស៊ី ធ្វើការផ្សព្វផ្សាយនោះទេ។ ការអះអាងរបស់លោកណៅ ធួក ដែលជាអ្នកដឹងរឿងពិតខាងលើនេះ មិនខុសពីហែកខោទណ្ឌិត សម រង្ស៊ី ឲ្យឃើញកេរ្តិ៍ខ្មាស់នោះឡើយ ព្រោះតែការខិតខំផ្សព្វផ្សាយព័ត៌មានបំពុលសង្គម (Fake News) របស់លោកត្រូវបានគេបកអាក្រាតជាសាធារណៈ៕