(ប៉ៃលិន)៖ លោកស្រីសាស្ត្រាចារ្យ តាន់ វួចឆេង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ថ្នាក់ដឹកនាំមន្ត្រីរាជការ និងគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្ត ត្រូវយកចិត្តទុកដាក់ សហការជាមួយកម្មវិធីជាតិអាហារូបត្ថម្ភ និងដៃគូរអភិវឌ្ឍន៍​ឱ្យបានល្អ ដើម្បីបង្កើនចំនួនមន្ទីរពេទ្យស្រឡាញ់ទារកឱ្យបាននៅទូទាំងខេត្ត ខណៈមកដល់ពេលនេះ ខេត្តប៉ៃលិន គឺមានចំនួន​តែ១កន្លែងប៉ុណ្ណោះ។

លោកស្រីសាស្ត្រាចារ្យ តាន់ វួចឆេង បានថ្លែងបែបនេះ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ រួមជាមួយលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអញ្ជើញក្នុងប្រកាសទទួលស្គាល់ជាមន្ទីរពេទ្យខេត្ត ជាមន្ទីរពេទ្យស្រឡាញ់ទារក ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់អស់លោក លោកស្រី ប្រធានមន្ទីរជំនាញជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យតំណាងអង្គការជាដៃគូ និងប្រជាពលរដ្ឋជាម្តាយយ៉ាងច្រើនកុះករ។

លោកស្រីរដ្ឋលេខាធិការ បានថ្លែងយ៉ាងដូច្នេះថា៖ «ថ្នាក់ដឹកនាំមន្ត្រីរាជការ និងគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ត ត្រូវយកចិត្តទុកដាក់ សហការជាមួយកម្មវិធីជាតិ អាហារូបត្ថម្ភ និងដៃគូរអភិវឌ្ឍន៍​ឱ្យបានល្អដើម្បីបង្កើនចំនួន មន្ទីរពេទ្យស្រឡាញ់ទារកឱ្យបាននៅទូទាំងខេត្ត ខណៈមកដល់ពេលនេះ ខេត្តប៉ៃលិន គឺមានចំនួន​តែ១កន្លែងប៉ុណ្ណោះ»

ក្នុងឱកាសនោះដែរ លោកគ្រូពេទ្យ អាង នាង ប្រធាន​មន្ទីរសុខាភិបាល​ខេត្តប៉ៃលិន បានលើកឡើងថា ដោយមានការជួយគាំទ្រពីកម្មវិធីជាតិ អាហារូបត្ថម្ភ ពីមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មន្ទីរសុខាភិបាលខេត្ត បានសហការជាមួយមន្ទីរពេទ្យខេត្តប៉ៃលិន ពិសេសផ្នែកសម្ភព ក្នុងកិច្ចរៀបចំផែនការព្រមទាំងកែប្រែមន្ទីរសម្ភពឱ្យក្លាយជាមន្ទីរពេទ្យស្រឡាញ់ទារក ដោយចាប់ផ្តើមអនុវត្តពីពាក់កណ្តាលឆ្នាំ២០១៣ រហូតទទួលបាននូវការវាយតម្លៃ​របស់ថ្នាក់ជាតិចំពោះមន្ទីរពេទ្យបង្អែកមួយនេះ​ថាបានជាប់ក្នុងចំណាត់ថ្នាក់ជាមន្ទីរពេទ្យស្រឡាញ់ទារក។

ទន្ទឹមការអនុវត្តន៍មន្ទីរពេទ្យស្រឡាញ់ទារក មន្ទីរសុខាភិបាលខេត្ត បានពង្រីកការអនុវត្តន៍​សហគមន៍​ស្រឡាញ់ទារកផងដែរ ដោយបានបណ្តុះបណ្តាលដល់មេភូមិ និងក្រុមទ្រទ្រង់សុខភាពភូមិចំនួន៤១ភូមិ ដើម្បីឱ្យពួកគាត់ជួយដល់ម្តាយៗ ដែលចាកចេញពីមន្ទីរពេទ្យ ក៏ដូចជាម្តាយៗ និងអ្នកថែទាំក្នុងសហគមនទទួលបានការអប់រំចេះវិធីសាស្ត្រល្អៗ​ក្នុងការអនុវត្តកិច្ចការចិញ្ចឹមកូនឱ្យមានសុខភាពល្អ។

ថ្លែងក្នុងពិធីនេះលោកផាន់ ចាន់ធុល បានលើកឡើងថា អាត្រាឈឺ និងស្លាប់របស់មាតា ទារកព្រមទាំងកុមារ នៅតែជាបញ្ហាចម្បង ចំពោះប្រទេសកម្ពុជា ដែលមានបរិមាណខ្ពស់បើប្រៀបធៀប​ជាមួយប្រទេសជិតខាងក្នុងតំបន់ ដូច្នេះការផ្សព្វផ្សាយដាស់តឿនក្រើនរំលឹក និង ជំរុញដល់មាតាគ្រប់រូបឱ្យយល់ដឹងកាន់តែច្បាស់​អំពីការបំបៅកូនដោយទឹកដោះម្តាយក្រោយកើតភ្លាមៗ ព្រមទាំងបំបៅដោះតែមួយមុខគត់ ក្រោមអាយុ៦ខែ ហើយបន្តរហូតដល់ក្រោម២ឆ្នាំ គឺមានសារសំខាន់ក្នុងកិច្ចរួមចំណែកដ៏ធំធេង នៃការកាត់បន្ថយ​អត្រាឈឺស្លាប់របស់ទារក និងកុមារ។

លោកអភិបាលខេត្តបានបញ្ជាក់ថា សកម្មភាពទាំងនេះ ក៏ជាផ្នែកមួយក្នុងការទប់ស្កាត់សកម្មភាព នៃការផ្សព្វផ្សាយប្រាសចាកមួយចំនួន ដែលនាំឱ្យមាតា និងក្រុមគ្រួសារជាច្រើនយល់ច្រឡំថាការប្រើប្រាស់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារដាក់លក់នៅលើទីផ្សារ មានភាពប្រសើរជាងទឹកដោះម្តាយ ធ្វើឱ្យអ្នកម្តាយចាប់ផ្តើមបាត់បង់នូវជំនឿរបស់ខ្លួន ក្នុងការបំបៅកូនដោយទឹកដោះខ្លួនឯង បែបធម្មជាតិផងនោះ ព្រោះតាមការអង្កេតប្រជាសាស្ត្រ​សុខភាពបានបង្ហាញថាមូលហេតុនៃការឈឺ និងស្លាប់របស់កុមារអាយុក្រោម៥ឆ្នាំ មកពីកង្វះ​អាហារូបត្ថម្ភ​មានចំណែក៣៥​ភាគរយ ក្នុងចំណោមនោះមកពីម្តាយមួយចំនួនមិនបានធ្វើការបំបៅកូន ដោយទឹកដោះខ្លួនផ្ទាល់ផងដែរ។

លោកស្រីសាស្ត្រាចារ្យ តាន់ វួចឆេង បានឱ្យដឹងថា ការបំបៅកូនដោយទឹកដោះម្តាយជាសមាសធាតុ ដ៏ចាំបាច់មួយក្នុងការធានា នូវសិទ្ធិផ្នែកសុខភាពរបស់កុមារ និងមានតួនាទីយ៉ាងសំខាន់ក្នុងការកំណត់អាយុជីវិតកុមារ ដូច្នេះមន្ទីរសម្ភពទាំងឡាយត្រូវជួយផ្តួចផ្តើម ឱ្យបំបៅកូនដោយទឹកដោះម្តាយនៅពេលសម្រាល និងដំណាក់កាលក្រោយសម្រាល ធ្វើឱ្យម្តាយទទួលជោគជ័យនៃការបំបៅដោះកូន ពីព្រោះទារកដែលបំបៅដោយទឹកដោះម្តាយតែមួយមុខគត់ នឹងទទួលបាននូវសារជាតិចិញ្ចឹមចាំបាច់ និងអង្គបដិបក្ខអាចការពារ ពីជំងឺឆ្លងទាំងពួង ធ្វើឱ្យទារកលូតលាស់បានត្រឹមត្រូវ និងមានសុខភាពល្អ ហើយការបំបៅកូននេះជាទម្លាប់ដ៏ល្អ នៃមាតាកម្ពុជា ដ៏យូរលង់មកហើយតែថ្មីៗនេះ ក្រសួងសុខាភិបាលមានការព្រួយបារម្ភត្បិត ការរីករាលដាលយ៉ាងឆាប់រហ័យនូវផលិតផលអាហារផ្សេងៗ​សម្រាប់ចិញ្ចឹមទារក និងកុមារព្រមទាំងការប្រើដបបំបៅទារកទើបនឹង កើតទាំងក្នុងទីក្រុង ក៏ដូចនៅឯជនបទ។

សូមបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០១៨នេះ នៅទូទាំងខេត្តប៉ៃលិន មានអ្នកជំងឺព្យាបាលនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ២៧៨៨នាក់ស្លាប់ ចំនួន០៦នាក់ ស្មើនឹង០.២២% ស្ត្រីដែលសំរាលកូន មានចំនួន៧៨១នាក់ និងមកពិនិត្យផ្ទៃពោះ ចំនួន៥,៥៤៩នាក់៕