(ភ្នំពេញ)៖ លោក សុខ ចិន្ដាសោភា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ បានអះអាងថា ដោយសារតែមានអ្នកវិនិយោគចិន មកវិនិយោគនៅក្នុងប្រទេសកម្ពុជាច្រើន ទើបធ្វើឲ្យកម្ពុជា មានការអភិវឌ្ឍន៍យ៉ាងខ្លាំង ដូចសព្វថ្ងៃនេះ។

ការអះអាងយ៉ាងដូច្នេះរបស់លោក សុខ ចិន្ដាសោភា បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោមបញ្ចប់សន្និសីទសេដ្ឋកិច្ច ប្រចាំឆ្នាំលើកទី៥ នៃសហព័ន្ធពាណិជ្ជករចិនទាជីវសកលលោក (TXCS) ភាពជាដៃគូ វិនិយោគនៅកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅក្នុងអាគារ City Hall កោះពេជ្រ រាជធានីភ្នំពេញ។

សន្និសីទសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៥ នៃ TXCS នេះ ក៏មានការចូលរួមពី, ឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធ ខ្មែរ-ចិន នៅកម្ពុជា, លោក លី សុងជាន ប្រធានគណៈប្រតិភូ សហព័ន្ធពាណិជ្ជកម្មចិនទាជីវ សកលលោក និងសមាជិក គណៈប្រតិភូ TXCS ជាច្រើនរូបទៀតផងដែរ។

ឆ្លើយតបនឹងសំនួររបស់អ្នកយកព័ត៌មាន សួរថា «លោកគិតយ៉ាងម្ដេចដែរ អំពីស្ថានភាព នៃការកើនឡើងអ្នកវិនិយោគចិន? លោក សុខ ចិន្ដាសោភា បានបញ្ជាក់អះអាងថា «ដោយសារអ្នកវិនិយោគចិននេះហើយ ដែលយើងសព្វថ្ងៃនេះ មានការអភិវឌ្ឍន៍ខ្លាំង ព្រោះអ្នកវិនិយោគចិនមួយចំនួន បានធ្វើការវិនិយោគ ក្នុងវិស័យផលិតថាមពលអគ្គិសនី តាមរយៈវារីអគ្គិសនី...»

អគ្គលេខាធិការ CDC រូបនេះ បានបន្ថែមថា ជាបន្ដបន្ទាប់ពួកគាត់ បានធ្វើពិពិធកម្ម លើវិស័យមួយចំនួន ដោយក្នុងនោះ មានវិស័យកសិកម្មជាដើម។

លោក សុខ ចិន្ដាសោភា បានលើកឡើងទៀតថា កាលពី៥ឆ្នាំមុន ក្នុងវិស័យទេសចរណ៍នៃការហោះហើរ រវាងប្រទេសចិន និងប្រទេសកម្ពុជា ក្នុង១សប្ដាហ៍ មានការហោះហើរតែ១៥ជើងតែប៉ុណ្ណោះ ប៉ុន្ដែបច្ចុប្បន្ននេះក្នុង១សប្ដាហ៍ មានជើងហោះហើរ ពីប្រទេសចិន មករាជធានីភ្នំពេញ មានចំនួនរហូតដល់៨៨ជើង។ ដោយក្នុងនោះ នៅក្នុងខេត្ដសៀមរាប ១សប្ដាហ៍ មានការហោះហើរចំនួន២០ជើង និងនៅក្នុងខេត្តព្រះសីហនុ មានការហោះហើរចំនួន៧ជើង

បើតាមឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធ ខ្មែរ-ចិន នៅកម្ពុជា បានឲ្យដឹងថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ និងជាប្រភពវិនិយោគធំជាងគេ របស់កម្ពុជា។

ឧកញ៉ា ពុង ឃាវសែ បានគូសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដែលកំណើនសេដ្ឋកិច្ច មានស្ថេរភាពនៅតំបន់អាស៊ីអាគ្នេយ៍ គឺជាសមាជិកស្ថាបនិក នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ក៏ជាប្រទេសដ៏សំខាន់មួយ តាមបណ្ដោយយុទ្ធសាស្ដ្រខ្សែក្រវាត់មួយផ្លូវមួយ ដូចនេះមានតម្រូវការខ្លាំងចំពោះទុនវិនិយោគពីក្រៅប្រទេស។

ប្រធានសមាគមសម្ព័ន្ធ ខ្មែរ-ចិន បានបន្ថែមទៀតថា បច្ចុប្បន្នកម្ពុជាមានស្ថេរភាព សេដ្ឋកិច្ចរីកចម្រើន ហើយត្រូវចាត់ទុក ជាប្រទេសមាននយោបាយវិនិយោគ បើកទូលាយជាងគេនៅក្នុងចំណោមប្រទេសអាស៊ាន។ ជាពិសេស រាជរដ្ឋាភិបាលអាណ្ណត្ដិថ្មី ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន គេមានទំនុកចិត្តកាន់តែខ្លាំងចំពោះសេដ្ឋកិច្ចបន្ដរីកចម្រើនរបស់ប្រទេសកម្ពុជា៕