(កំពង់ចាម)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ចាម រួមមាន កម្លាំងនគរបាលខេត្ត, ខណ្ឌរដ្ឋបាលជលផល សហគមន៍នេសាទ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ដោយចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅស្រុកស្រីសន្ធរ ស្រុកស្ទឹងត្រង់ និងស្រុកកងមាស ដោយរឹបអូសបានវត្ថុតាង បានមួយចំនួនធំ និងចាក់លែងកូនត្រីជាង៥០០គីឡូក្រាម ចូលបឹងវិញ។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ប្រតិបត្តិការទី១៖ ក្រោយពីទទួលបានព័ត៌មាន អំពីបទល្មើសនេសាទខុសច្បាប់ លោកបាន​បញ្ជា​ អធិការនគរបាលស្រុកស្រីសន្ធរ សហការជាមួយ​អាជ្ញាធរឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ បានចុះបង្ក្រាបបទល្មើសនេសាទត្រីខុសច្បាប់ នៅក្នុងភូមិសាស្ត្រឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ជាលទ្ធផល លូស្បៃមុង​ចំនួន៦មាត់, របាំងព្រួល ប្រវែង២០០ម៉ែត្រ និងប្រលែងកូនត្រីចម្រុះ ចំនួន៦គីឡូក្រាម​។ ចំពោះសម្ភារ និងវត្ថុតាងត្រូវបានយកមករក្សាទុកបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប្រាំយ៉ាម ដើម្បីរងចាំបទបញ្ជាចាត់ការបន្ត។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ប្រតិបត្តិការទី២៖ លោកបាន​បញ្ជា ​អធិការនគរបាលស្រុកស្ទឹងត្រង់ សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលពាមកោះស្នា, ខ្ពបតាងួន និងប្រធានសហគមន៍នេសាទ ពាមកោះស្នា, ខ្ពបតាងួន បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចបឹងត្រពាំងជ្រៃ និង​ចំណុចបឹងសោម ស្ថិតក្នុងឃុំពាមកោះស្នា និងនៅចំណុចឃុំខ្ពបតាងួន។ សរុបលទ្ធផល ទាំងពីរឃុំ ដកហូតបាន លបស្បៃមុង ចំនួន១៩មាត់, ព្រួលស្បៃមុង​ប្រវែង៧៧៥ម៉ែត្រ និងចាក់លែងកូនត្រីចម្រុះ ចំនួន៣១៣គីឡូក្រាម។ ចំពោះសម្ភារ វត្ថុតាង​បានធ្វើការដុតបំផ្លាញចោលនៅនិងកន្លែង ដោយមានការឯកភាពពីលោកព្រះរាជ្ញអាជ្ញា អមសាលាដំបូងខេត្តកំពង់ចាម។

សម្រាប់ប្រតិបត្តិការទី៣៖ លោកបាន​បញ្ជា​អធិការនគរបាលស្រុកកងមាស សហការជាមួយ ខណ្ឌរដ្ឋបាលជលផល បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់​ នៅក្នុង​ភូមិសាស្ត្រឃុំស្តៅ ស្រុកកងមាស ជាលទ្ធផល ដកហូតបាន លូស្បៃមុង​ ចំនួន​៨៣មាត់, របាំងព្រួល ប្រវែង​៤,១៥០ម៉ែត្រ និងចាក់លែងកូនត្រីចម្រុះ ចូលបឹងធម្មជាតិចំនួន​​២០៧គីឡូក្រាម។ ចំពោះសម្ភារវត្ថុតាង​ទាំងអស់ ​បានដុតបំផ្លាញចោលនៅនឹងកន្លែង ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញា​ អមសាលាដំបូងខេត្តកំពង់ចាម៕​​