(ញូដេលី)​៖ យន្ដហោះប្រើប្រាស់​ថាមពលជីវៈឥន្ធនៈ ​ដំបូងគេរបស់ប្រទេស​ឥណ្ឌា បានធ្វើតេស្ដហោះហើរ​សាកល្បងជាផ្លូវការ​ហើយ​នៅថ្ងៃចន្ទនេះ។ នេះ​បើតាមការ​​ចេញផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨។

យន្ដហោះ ៧២កៅអី និងមានលេខសម្គាល់ Q400 ដែលដើរថាមពល​ជីវៈឥន្ធនៈ បានហោះហើរ​សាកល្បងចេញពី​អាកាសយានដ្ឋាន ចូលលីហ្គ្រេន (Jolly Grant) ក្នុងទីក្រុងដេរ៉ាឌុន (Dehradun) នៃរដ្ឋ​យូតតារ៉ាខាន់ (Uttarakhand) ស្ថិតនៅភាគខាងជើង​ប្រទេសឥណ្ឌា។ ប៉ុន្តែ​ការហោះហើរសាកល្បង​មិនមានអ្នក ដំណើរជិះនៅ​លើយន្ដហោះ​នេះទេ ពោលគឺមានតែក្រុមមន្ត្រី​អាកាសយាននិក​ប៉ុណ្ណោះ។

ចំណែកឯ​ថាមជីវៈឥន្ធនៈ​សម្រាប់ការ​ហោះហើរសាកល្បង របស់យន្ដហោះ Q400 ត្រូវអភិវឌ្ឍឡើង​ដោយ​វិទ្យាស្ថានរដ្ឋ​ឥន្ធនៈ និងកាកសំណល់​កសិកម្មមាន​មូលដ្ឋាន នៅក្នុងទីក្រុង Dehradun។ បន្ថែមពីលើនេះ បើសិនជាការធ្វើ​តេស្ដនេះទទួលជោគជ័យ ឥណ្ឌានឹងចូលរួមក្នុង​ក្រុមនៃប្រជាជាតិ​ជាច្រើន ក្នុងនោះ​រួមមានទាំង​សហរដ្ឋអាមេរិក និងអូស្ត្រាលី​ផងដែរក្នុងនាមជាប្រទេស មានការប្រើប្រាស់ជីវៈឥន្ធនៈ​ក្នុងវិស័យ​អាកាសចរណ៍។

គួរបញ្ជាក់ថា ជើងហោះហើរប្រើប្រាស់​ថាមពលជីវៈឥន្ធនៈបែបនេះ ត្រូវបានប្រតិបត្តិជា​លើកដំបូងដោយ​ ក្រុមហ៊ុនវើជីនអាត្លង់ទិក (Virgin Atlantic Airlines) ក្នុងជើងហោះហើរភ្ជាប់​ពីទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស ទៅកាន់ទីក្រុង អាំស្ទើរដាំ (Amsterdam) ប្រទេសហូងឡង់​​កាលពីជាង ១០ឆ្នាំមុន៕