(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នាយស្តីទីសេនាធិការចម្រុះ មេបញ្ជាការស្តីទីកងទ័ពជើងគោក បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំមួយរូប ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខកងទ័ព លើកស្ទួយជីវភាព និងលើកតម្កើងកិត្តិយស​ចំពោះកងទ័ព និងអតីតយុទ្ធជនចំពោះគុណបំណាច់​នៃការលះបង់របស់កងទ័ពគ្រប់ជំនាន់។

​ក្នុងពិធី​​បិទវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធីថ្មើរជើង ឆ្នាំ២០១៨ ប្រកាសតែងតាំងមុខងារ និងបំពាក់ឋានន្តរស័ក្តិជូននាយទាហាន តំបន់ប្រតិបត្តិការសឹករង​ព្រះសីហនុ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ការកម្ពស់ជីវភាពនេះ គឺតាមរយៈការដំឡើងប្រាក់បៀវត្ស និងការឧបត្ថម្ភផ្សេងៗ ជាច្រើនទៀត ហើយប្រមុខរាជរដ្ឋាភិបាលលើកទឹកចិត្ត និងបង្កលក្ខណៈឲ្យមហាជនគាំទ្រ និងផ្ដល់តម្លៃកងទ័ពតាមរយៈការឧបត្ថម្ភគាំទ្រដល់កងទ័ព និងអតីតយុទ្ធជន។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏​បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដូចជាពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ នាយទាហាន នាយទាហានរ​ង និងពលទាហានទាំងអស់ នៅក្នុងតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ។

អគ្គមេបញ្ជាការស្ដីទីកងទ័ពជើងគោករូបនេះ បាន​ថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែង ការលះបង់ពលីកម្មគ្រប់បែបយ៉ាង​របស់យោធិន នៅក្នុងយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ក៏ដូចជាលោកអ៊ុពូមីងដែលជាអតីតយុទ្ធជន។ អ្វីដែលជាការចូលរួម ធ្វើឲ្យមានការរីកចម្រើន នៅក្នុងឃុំ ស្រុក ខេត្ត និងប្រទេសរបស់យើង គឺបានដោយសារការលះបង់យោធិនយើងគ្រប់ជំនាន់។ ការលះបង់របស់ងទ័ពគ្រប់ជំនាន់ គ្រប់ភាគីទាំងអស់ សុទ្ធតែបានចូលរួមក្នុងការការរំដោះជាតិ ការការពារជាតិ ការថែរក្សាសុខសន្តិភាព និងអ្វីៗដែលយើងមានសព្វថ្ងៃនេះ សម្រាប់កូនចៅយើងជំនាន់ក្រោយ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ឥឡូវយើងបានសេចក្តីសុខហើយ ប៉ុន្តែសេចក្តីសុខអាចមាននិរន្តរភាពដែរឬទេ បើសិនជា កងកម្លាំងប្រដាប់អាវុធ មិនបានត្រៀមលក្ខណៈក្នុងការថែរក្សាទេនោះ? សង្គ្រាមផ្ទៃក្នុងបានចប់ហើយ ក្រោមគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ការឈ្លោះគ្នារវាងខ្មែរ និងខ្មែរបានចប់ហើយ ប៉ុន្តែការការពារជាតិ ការការពារបូរណភាពទឹកដីគ្រប់ទិសទាំងអស់ ការការពារសន្តិសុខផ្ទៃក្នុង ការការពារវិច្ឆេទកម្មប្រឆាំងភារវកម្ម មិនចប់ទេ ភារកិច្ចរបស់យើងត្រូវធ្វើបន្តទៅទៀត ការការពារបូរណភាពទឹកដីការផ្ទេរភារកិច្ចពីជំនាន់មួយ ទៅជំនាន់មួយយើងត្រូវតែធ្វើ។​

​បើតាមលោក ហ៊ុន ម៉ាណែត ការងារស្នូលរបស់កងយោធពលខេមរភូមិន្ទ គឺត្រៀមលក្ខណៈការពារជាតិរបស់យើង។ ហេតុដូច្នេះសូមឲ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនាព្រះមហាក្សត្រ ប្ដេជ្ញាការពាររដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ រាជរដ្ឋាភិបាលស្របច្បាប់ ដែលចេញពីការបោះឆ្នោត។

បន្តអនុវត្តឲ្យបានម៉ឺងម៉ាត់នូវអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ បទបញ្ជារបស់អគ្គបញ្ជាការ បទបញ្ជារបស់កងទ័ព ឲ្យបានខ្ជាប់ខ្ជួន ការពារអធិបតេយ្យភាពប្រទេសជាតិ ការពារសុខសន្តិភាពស្ថិរភាព ទប់ស្កាត់ឲ្យទាន់ពេលវេលា ចំពោះបក្សពួក ដែលបង្កចលនា​បំពុលសភាពការណ៍សង្គម ជាពិសេសរំលោភរដ្ឋធម្មនុញ្ញ បំផ្លាញសុខសន្តិភាពស្ថិរភាពសង្គម។ បង្កើនការយកចិត្តទុកដាក់ទទួលខុសត្រូវ និងភាពជាគំរូ ក្នុងការបំពេញការងារឲ្យបានជោគជ័យ និងបង្កើនការយកចិត្តទុកដាក់រៀនសូត្រការស្វែងយល់ការរីកចម្រើនរបស់ប្រទេសជាតិ និងប្រឆាំងដាច់ខាត ចំពោះឧបាយកល​បោកប្រាស់របស់ពួកអគតិឃុបឃិត ជាមួយបរទេសលូកដៃជ្រៀតជ្រែកនយោបាយក្នុងស្រុក៕