(តាកែវ)៖ លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល រួមជាមួយលោក ឆាវ ឆុង អគ្គលេខាធិការមូលនិធិស៊ិនជិន សម្រាប់ទំនាក់ទំនង និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ បានប្រគល់សម្ភារអគ្គិសនីដើរ ដោយពន្លឺព្រះអាទិត្យ រួមមាន៖ អំពូលបំភ្លឺ នៅផ្ទះចំនួន៤០៣ឈុត និងទូរទស្សន៍ ព្រមទាំងអង់តែនចំនួន១០គ្រឿង សរុបជាទឹកប្រាក់ចំនួន២៧,៨៥០ដុល្លារ ជូនដល់ប្រជាជននៅក្នុងស្រុកបាទី និងស្រុកបូរីជលសារ ខេត្តតាកែវ។

នៅក្នុងឱកាសនេះដែរលោក កឹមរ័ត្ន វិសិដ្ឋ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់មូលនិធិស៊ិនជិន សម្រាប់ទំនាក់ទំនង និងសហប្រតិបត្តិការអន្តរជាតិ ដែលនេះជាការអនុវត្តនូវការសន្យារបស់ចិន ជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលបានចុះហត្ថលេខាកាល ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ដែលមានឈ្មោះគម្រោងថា «ភូមិពន្លឺព្រះអាទិត្យតាមដងទន្លេមេគង្គ» ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាក របស់ប្រជាពលរដ្ឋដែលមិនមានអគ្គីសនី ប្រើប្រាស់ដោយសារ មិនមានលទ្ធភាពតភ្ជាប់បណ្តាញប្រើប្រាស់ ឬបណ្តាញអគ្គីសនីមិនទាន់ទៅដល់។

នេះជាសក្ខីភាព នៃកិច្ចប្រឹងប្រែងរឹតចំណងមិត្តភាពរវាងប្រជាជន និងប្រជាជនដែលជាផ្នែកមួយ នៃយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃទំនាក់ទំនងកម្ពុជា និងចិន។ បន្ទាប់ពីពិធីប្រគល់-ទទួលបានបញ្ចប់ គណៈប្រតិភូបានអញ្ជើញទៅទស្សនាអំពូលភ្លើង ដើរដោយពន្លឺព្រះអាទិត្យ ដែលមជ្ឈមណ្ឌលអភិវឌ្ឍ (CfD)ជាអ្នកអនុវត្តគម្រោងតម្លើងសម្ភារទាំងនេះជូនដល់ផ្ទះប្រជាពលរដ្ឋ មណ្ឌលសុខភាព និងក្នុងទីធ្លាវត្តចកអណ្តែត៕