(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានព្រមានចាត់វិធានការច្បាប់ចំពោះម្ចាស់ទំព័រ Facebook ទាំងឡាយណាដែលបន្តបង្ហោះវិញ្ញាសា និងអត្រាកំណែនៃការប្រលងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៨នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ បានគូសបញ្ជាក់ថា នាពេលថ្មីៗនេះ មានទំព័របណ្ដាញសង្គម Facebook និងអ្នកប្រើប្រាស់គណនីឯកជនមួយចំនួន បានបង្ហោះ ចែករំលែកវិញ្ញាសា និងអត្រាកំណែមុខវិជ្ជានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ និងបំពេញវិជ្ជា នៃសម័យប្រឡងកាលពីថ្ងៃទី២០ ខែសីហា ២០១៨។

តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងអប់រំ បានលើកឡើងថា ការបង្ហោះ និងចែករំលែកវិញ្ញា និងអត្រាកំណែនេះ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ដំណើរប្រព្រឹត្ដទៅ នៃការប្រឡង ដែលកំពុងប្រព្រឹត្ដទៅយ៉ាងរលូន ដោយគោរពតាមគោលការណ៍ច្បាប់ យុត្ដិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

ក្រសួងអប់រំ បានអំពាវនាវដល់ម្ចាស់ទំព័រ Facebook ដែលកំពុងធ្វើសកម្មភាពនេះ ត្រូវបញ្ឈប់ជាបន្ទាន់នូវទង្វើរបស់ខ្លួន។ ក្រសួងអប់រំ បានព្រមានថា ប្រសិនបើសកម្មភាពចែករំលែករាល់វិញ្ញាសា និងអត្រាកំណែនៅតែបន្ដក្នុងរយៈពេលដំណើរកំណែ ការស្រង់ បូកពិន្ទដោយកុំព្យូទ័រ ផ្ទៀងផ្ទាត់ពិន្ទុ មុនការប្រកាសលទ្ធផលផ្លូវការ មិនទាន់ត្រូវបានបញ្ចប់ ក្រសួង នឹងសហការជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការស្វែងរកម្ចាស់ទំព័រ ឬគណនីហ្វេសប៊ុកទាំងនេះ មកទទួលខុសត្រូវនូវទង្វើរបស់ខ្លួនតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត។

សូមបញ្ជាក់ថា ការប្រលងមធ្យមសិក្សាទុតិយភូមិបានធ្វើឡើងកាលពីថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ។ បច្ចុប្បន្នក្រសួងកំពុងតែដំណើរការកំណែលើវិញ្ញាសានៃការប្រលងនេះ ហើយលទ្ធផលគ្រោងនឹងប្រកាសនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ៕