(ភ្នំពេញ)៖ បន្ទាប់ពីមានបុរសម្នាក់ ប្រើប្រាស់ Facebook ឈ្មោះ Tesso Sisowath បានបង្ហោះសាររិះគន់ មិនសំចៃមាត់ទៅលើក្រដាសប្រាក់១ម៉ឺនរៀល ដែលធនាគារជាតិនៃកម្ពុជា បានដាក់ឲ្យប្រើប្រាស់ថា ជាក្រដាសប្រាក់អន់មានសភាពដូចជា ក្រដាសអនាម័យ ដែលគេប្រើប្រាស់ក្នុងបង្គន់នោះ, នៅថ្ងៃទី២៧ ខែសីហានេះ មន្ត្រីជាន់ខ្ពស់របស់ធនាគារជាតិមួយរូប បានចេញមកប្រតិកម្មតបតនឹងការលើកឡើង របស់ម្ចាស់ Facebook ខាងលើ។

តាមរយៈ Faebook របស់ឈ្មោះ Tesso Sisowath បានសរសេរថា ក្រដាសប្រាក់១ម៉ឺនរៀលចេញថ្មីនេះ ជាក្រដាសប្រាក់ ដែលប្រើប្រាស់ទៅឆាប់ទក់ ឆាប់ចាស់ ឆាប់ពុករលួយ ដែលមានសភាពដូចនឹងក្រដាសអនាម័យ ដែលប្រើប្រាស់ក្នុងបង្គន់។

ម្ចាស់ Facebook រូបនោះបានបង្ហោះយ៉ាងដូច្នេះថា «The new 1000 riels ticket is very poor. It is very difficult and reamins glued the paper is light as toilet paper and it is aging or rotting in less than nothing. Photo D A 2015. Ticket while the national banks encourages us to use local currency, these bureaucrats wouldn't even use this paper to wipe out the c...sorry my tongue has slipped ឬ ក្រដាសប្រាក់​១ម៉ឺនរៀលថ្មីនេះ វាអន់ខ្លាំងណាស់។ ​វាពិបាកមើលណាស់ ក្រដាសស្តើង ដូចក្រដាសអនាម័យ ដែលប្រើប្រាស់ក្នុងបង្គន់ វាចាស់ ពុក​ រលួយ​ អន់ជាងស្អីទៅទៀត។ ដូច​រូប​.. ក្រដាសប្រាក់នេះហើយ ដែលពួកធនាគាជាតិ ​គេលើកទឹកចិត្តយើងឲ្យប្រើប្រាស់ តែពួកការិយាធិបតេយ្យអស់ហ្នឹងវាមិនប្រើជូត.... វាផង...សុំទោសដែលមាត់រអិល»

ជាមួយនឹងការរិះគន់មិនសំចៃមាត់នេះ មន្រ្ដីជាន់ខ្ពស់ធនាគារជាតិ លោក ឃូ វុទ្ធី ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​ និង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ បានប្រតិកម្មឆ្លើយតបភ្លាមៗ ទៅលើបុរសរូបនេះថា «ខ្ញុំមិនដឹងទេថា អ្នកបានធ្វើតេស្ត និងវាស់វែងពីគុណភាព នៃក្រដាសប្រាក់១ម៉ឺនរៀល ទើបនឹងចេញថ្មីនេះ ហើយឬនៅទេ? យើងមិនគួរ​យកក្រដាសប្រាក់ចាស់ ហើយនិយាយថា គុណភាពមិនល្អនោះឡើយ។ ក្រដាសប្រាក់មួយសន្លឹកអាចទទួលរងនូវការខូតខាត​បាន ដោយផ្អែកទៅលើកត្តាជាច្រើនយ៉ាង បូកផ្សំជាមួយនឹងការ​រក្សាទុក និងប្រើប្រាស់ពីសំណាក់សាធារណជន»

លោកបន្ដទៀតថា ដោយឡែកសម្រាប់ក្រដាសប្រាក់នៅក្នុងរូបភាព ដែលបានបង្ហោះនេះ អាចជាក្រដាសដែលប្រើប្រាស់ច្រើនដង។ ជាទូទៅក្រដាសប្រាក់ទាំងអស់អាចខូចខាតបាន លុះត្រាតែប្រើប្រាស់, បត់, មូលពីចន្លោះ៤ពាន់ទៅ៦ពាន់ដង ចំណែកក្រដាសប្រាក់ដែលបានបោះពុម្ភ ត្រូវបានសំរិតសំរាំងយកតែក្រដាសល្អ។ ក្រដាសប្រាក់១ម៉ឺនរៀល ដែលអ្នកបានបង្ហោះនេះ ក៏ធ្វើមកពីក្រដាសដែលមាន​គុណភាពល្អ ដូចជាក្រដាសប្រាក់ដទៃទៀតដែរ ដោយផលិតចេញពីម៉ាស៊ីន និងក្រដាសតែមួយ។

លោកបញ្ជាក់ទៀតថា «ម្យ៉ាងវិញទៀត បញ្ហានៃការយល់ច្រឡំលើក្រដាសប្រាក់នេះ បានកើតឡើងជាច្រើនដងមកហើយ។ ខ្ញុំមិនមែនមានន័យថា ឲ្យមានការរិះគន់ទៅលើក្រដាសប្រាក់នេះដទៃទៀតឡើយ ប៉ុន្ដែប្រសិនបើក្រឡែកមើល ទៅក្រដាសប្រាក់ដុល្លារវិញ គឺពណ៌ និងទំហំ គឺដូចគ្នាតែម្ដង តែហេតុអ្វីអ្នកមិនយល់​ច្រលំ? ទាំងនេះមកពីអ្នកប្រើប្រាស់វាជាញឹកញាប់»

សូមបញ្ជាក់ថា ក្នុង​​ឱកាស​​ព្រះ​​រាជ​ពិធី​​បុណ្យចម្រើន​ព្រះជន្ម​ ព្រះ​ករុណា​​ព្រះ​បាទ​ សម្តេច​ព្រះ​​បរមនាថ ​នរោត្តម ​សីហ​មុនី ​ព្រះ​មហាក្សត្រ​កម្ពុជារាជ​រដ្ឋាភិបាល ​បាន​អនុញ្ញាត​​ឲ្យ​​ចេញ​ផ្សាយ និង​​ធ្វើ​ចរាចរណ៍​​ប្រើ​ប្រាស់​​នៅ
​​ទូ​ទាំងប្រទេស​​កម្ពុជា​ នូវ​​ធនប័ត្រ​​ប្រភេទ​​១ម៉ឺន​រៀល​​គំរូ​ថ្មី៕