(កណ្តាល)៖ ប្រជាពលរដ្ឋមួយចំនួនរស់នៅឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បានលើកឡើងថា ការដែលអាជ្ញាធរ ឬជំនាញភូមិបាល និងសូរិយោដី, មន្ទីររៀបចំដែនដី នគររូបណីកម្ម និងសំណង់ខេត្ត បានចុះបំពេញភារកិច្ចជូនពួកគាត់នោះ គឺជាចំណែកដ៏ធំមួយក្នុងការកាត់បន្ថយជម្លោះដីធ្លី រវាងអ្នកមានព្រំប្រទល់ដីជាប់គ្នា។

ប៉ុន្តែទន្ទឹមនឹងនោះ ក៏ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន យំមិនចេញផងដែរ ដោយសារតែជាប់រវល់ទៅបំពេញកាតព្វកិច្ចជូនប្រទេសជាតិ និងជាប់រវល់រកស៊ីឆ្ងាញៗពីស្រុកកំណើត ដោយមិនបានដឹងពីការ ចុះវាស់វែងរបស់មន្រ្តីជំនាញ ហើយមន្រ្តីជំនាញទៀតសោត បានបាញ់កំណត់ព្រុំប្រទល់ដីទៅតាមការចង្អុលបង្ហាញរបស់អ្នកមានលុយ និងអ្នកមានដីជិតខាងនោះ ដោយពុំបានឲ្យអាជ្ញាភូមិ-ឃុំ ទៅចង្អុលបង្ហាញក្បាលដីនីមួយៗ និងប្រាប់ម្ចាស់ក្បាលដីនៅក្នុងភូមិ-ឃុំឲ្យមកពិនិត្យនោះទេ។

ក្រោយពីបានបាញ់កំណត់ទៅតាមការចង្អុលបង្ហាញពីម្ចាស់ដីនៅក្បែរគ្នានោះរួចហើយ ក្រុមមន្រ្តីជំនាញបានយកទៅកំណត់នៅមន្ទីរដែនដី ទុកជាផ្លូវច្បាប់ដោយភាគីម្ចាស់ដើម មិនអាចធ្វើការតវ៉ាបាន នោះទេ។ ជាក់ស្តែង ប្រជាពលរដ្ឋរស់នៅភូមិទួលក្រសាំងចំនួន៥គ្រួសារ បានជួបប្រទះបញ្ហាបែបនេះ ដោយមិនអាចមានលទ្ធភាពប្តឹង ឬតវ៉ាចេញនោះទេ។

បើយោងតាមឯកសារដែលអ្នកយកព័ត៌មាន ទទួលបានពីប្រជាពលរដ្ឋម្នាក់ ដែលជានាយទាហានក្រីក្រ មានជំងឺប្រចាំកាយផងដែរថា លោកមានដីមួយដុំនៅខាងជើងផ្លូវ២១បេ ក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ទទឹង២០ជាងម៉ែត្រជាប់ផ្លូវ និងបណ្តោយជាង៥០ម៉ែត្រ ទុកសម្រាប់ចែកធ្វើលំនៅដ្ឋានរស់នៅពេលខ្លួនចូលនិវត្តន៍ ប៉ុន្តែដោយសារតែលោកជាប់រវល់បំពេញកាតព្វកិច្ច ជូនជាតិនោះមិនបានដឹងថា មន្រ្តីជំនាញចុះទៅវាស់វែងកំណត់ក្បាលដីនីមួយៗ និងផ្ទៃដីទាំងមូលដើម្បីកំណត់រួចចេញប្លង់រ៉ឹងនោះទេ។

លុះពេលដឹង តាមសួរដេញដោលរក ស្រាប់តែដីរបស់គាត់ស្ថិតនៅក្នុងប្លង់រ៉ឹងលោកស្រី ហៀវ លន់ ទាំងគាត់កាន់ឯកសារដើមដោយគ្មានបានដឹង ឬបានលក់ដូរនោះទេ ហេតុអ្វីបានជាជំនាញចេញប្លង់រ៉ឹងឲ្យទៅលោកស្រី ហៀវ លន់ បែបនេះ?។

លោក ហ៊ង ហឿន ជាម្ចាស់ដីខាងលើបាននិយាយប្រាប់អ្នកយកព័ត៌មានថា ក្រោយពីគាត់ដឹងថា ដីគាត់ត្រូវបានជំនាញបាញ់រំលោភទៅតាមការចង្អុលបង្ហាញរបស់ភាគីលោកស្រី ហៀវ លន់ ហើយនោះទេ គាត់បានទៅជួបសូរយោដី និងមន្ទីររៀបចំដែនដី និងសំណង់ ខេត្តកណ្តាល ដោយកាន់ទាំងឯកសារដើមទាំងស្រុងទៅជួប និងធ្វើការតវ៉ា បែរជាមន្ត្រីមន្ទីរប្រាប់គាត់ថា អង្ករក្លាយទៅជាបាយហើយ កាលពីគេបិតប្រកាសម្តេច មិនធ្វើការតវ៉ា ទុករហូតដល់គេចេញប័ណ្ណទៅឲ្យឈ្មោះ ហៀវ លន់ យ៉ាងដូច្នេះ។ ហើយមន្ទីរ ឬជំនាញចេញប័ណ្ណនេះ ធ្វើទៅតាមការចង្អុលបង្ហាញរបស់ភាគីម្ចាស់ដីតែប៉ុណ្ណោះ។

លោកបានបន្តថា លោកមិនដឹងថា គេបិតប្រកាស ឬចុះវាស់វែងនោះទេ ដោយសារលោកមានជំងឺប្រចាំកាយ និងជាប់រវល់ការងារនៅឯបន្ទាយ។ លោកបានលើកឡើងថា ការកំណត់ចេញប័ណ្ណកម្មសិទ្ធិជូន ប្រជាពលរដ្ឋជាផ្លូវច្បាប់ មិនអាចតវ៉ា ឬសើរើបានក្រោយចេញរួចបែបនេះ អាជ្ញាធរគួរធ្វើការស្រាវជ្រាវ ឬផ្សព្វផ្សាយពីឈ្មោះក្បាលដី ត្រូវចេញនៅក្នុងភូមិ ឃុំតាមទូរស័ព្ទ ឬសារព័ត៌មាន ឬឲ្យអាជ្ញាធរភូមិទៅជម្រាបពលរដ្ឋតាមខ្នងផ្ទះ ឲ្យបានជ្រាបទើបចេញជូនទៅម្ចាស់ដី គឺវាសមរម្យសម្រាប់អ្នកមិនមកធ្វើការតវ៉ា ប៉ុន្តែជំនាញវាស់ហើយ ស្រាប់តែបិតនៅទីណាទីណុង មិនដឹងពេលណា ហើយយកលេសថាហួសកំណត់ រួចចេញប័ណ្ណទៅធ្វើឲ្យគេបាត់ដូចរូបគាត់ ចំណែកជំនាញអាងលេសថា បិតប្រកាសរួចហើយ។

លោកបានបន្តថា ការចេញប័ណ្ណកម្មសិទ្ធិដីជាអាយុជីវិតរបស់ពលរដ្ឋ មិនគួរណាជំនាញធ្វេសប្រហែសឃែលៗហាក់ដូចជា ការលេងសើបបែបនេះនោះទេព្រោះកន្លងមកការងារផ្សេងៗមានខាងក្រុមការងារ ឬអាជ្ញាធរភូមិ-ឃុំ បានចុះទៅផ្សព្វផ្សាយតាមខ្នងផ្ទះ ឬក៏ហៅប្រជុំជាច្រើនលើក ដោយបានចុះកិច្ចការធ្វើប្លង់ហេតុអ្វី ក៏គេមិនអាចផ្សព្វផ្សាយឲ្យបានទូរលំទូរលាយបាន។

បើយោងតាមឯកសារបានបញ្ជាក់ថា អ្នករងគ្រោះមិនតែឈ្មោះ ហ៊ង ហឿន ម្នាក់នោះទេ គឺមានឈ្មោះ លោក ម៉ៅ ធិន ក៏ជាពលរដ្ឋមានដីនៅជាប់លោក ហ៊ង ហឿន ហើយត្រូវជំនាញបាញ់ចេញប្លង់ ទៅឲ្យលោកស្រី ហៀវ លន់ ដូចគ្នាផងដែរ ដោយដីរបស់ឈ្មោះ ម៉ៅ ធិន មានទទឹងក្បាលដី១៤ជាងម៉ែត្រ និងបណ្តោយជាង៥០ម៉ែត្រដូចគ្នា។

បើតាមប្រភពព័ត៌មានផ្សេងទៀត គឺមានពលរដ្ឋមួយចំនួនទៀត មានដីនៅក្បែរនោះ ក៏ត្រូវបានភាគីលោកស្រី ហៀវ លន់ ឲ្យជំនាញបាញ់កំណត់ចេញប្លង់រំលោភយកផងដែរ ហើយពេលនេះ ម្ចាស់ដីកំពុងតែយំលែងចេញផងដែរ ដោយគ្មានលទ្ធភាពប្តឹងផ្តល់ជាមួយលោកស្រី ហៀវ លន់ រីឯជំនាញ នៃមន្ទីររៀបចំដែនដី នគររូបនីយ្យកម្ម និងសំណង់ ថាមិនធ្វើការតវ៉ាកាលពីបិតផ្សាយ។

បើយោងតាមឯកសារបញ្ជាក់ទៀតថា កាលពីកន្លងទៅ អាជ្ញាធរឃុំរការខ្ពស់ បានបង្កើតជាគណកម្មការចម្រុះមួយ ចុះទៅពិនិត្យដី ឆាយ ម៉ៅ ដែលបានចែកជូនកូនចៅ ដោយទទួលស្គាល់ដីរបស់លោកស្រី ហៀវ លន់ ទិញដីពី ឆាយ ម៉ៅ ផ្នែកខាងក្នុង រួចទិញបើកក្បាលជាប់ផ្លូវទទឹង៦០ម៉ែត្រ តែប៉ុណ្ណោះ និងទទួលស្គាល់ដីលោក ហ៊ង ហឿន នៅជាប់ទីនោះដែរ និងមានដីលោក ម៉ៅ ធិន ជាកូនលោកតា ឆាយ ម៉ៅ។

សូមបញ្ជាក់ថា បច្ចុប្បន្នបើយោងតាមការបង្ហាញប្លង់ពីជំនាញ នៃមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់នោះ ក្បាលដីលោកស្រី ហៀវ លន់ មានរហូត១៤៤ម៉ែត្រឯណោះ លើសការ ទទួលស្គាល់របស់គណៈកម្មការម្ចាស់មូលដ្ឋាន គឺឃុំរកាខ្ពស់ ដែលទទួលស្គាល់ដីលោកស្រី ហៀវ លន់ តែ៦០ម៉ែត្រនោះទេ៕