(ភ្នំពេញ)៖ ដើម្បីចូលរួមការលើកកម្ពស់ការសិក្សា ​និងការបន្ថយការលំបាករបស់កុមារកំព្រានៅកម្ពុជា ពិសេសចូលរួមបន្ថយការលំបាករបស់រាជរដ្ឋាភិបាលម្ពុជា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ ក្រុមហ៊ុនវិនិយោគរបស់កម្ពុជា បានសហការជាមួយក្រុមហ៊ុនចិន នាំយកអំណោយជាកុំព្យូទ័រយួរដៃចំនួន៣០គ្រឿង ជូនអង្គការ «បេសកកម្ម សុខមាលភាព សង្គមកម្ពុជា»

កុំព្យូទ័រយួរដៃខាងលើនេះ ត្រូវបាននាំទៅផ្តល់ជូនដោយផ្ទាល់ដៃពីសំណាក់លោក សយ ប៊ុនធឿន ជាអគ្គនាយកក្រុមហ៊ុន Smile Sheen International co.LTD និងលោក FU, CHANGCHENG ជាអគ្គនាយកក្រុម FAITH YOUNG BAOZHEN MALL តាមរយៈអ្នកឧកញ៉ា ឡាញ់ ភារ៉ា ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍រួមនៅក្នុងមជ្ឈមណ្ឌលទាំងមូលផងដែរ។

ជាមួយគ្នានេះដែរ លោកស្រី​ ហ៊ុន សេងនី អគ្គនាយិការអង្គការបេសកកម្មសុខមាលភាពសង្គមកម្ពុជា បានថ្លែងថា កុំព្យូទ័រយួរដៃ ដែលជាអំណោយរបស់ក្រុមហ៊ុនកម្ពុជា-ចិន នៅថ្ងៃនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងដល់ក្មេងៗកំព្រា ដែលកំពុងតែរស់នៅ និងទទួលបានការអប់រំនៅក្នុងមជ្ឈមណ្ឌលនេះ រួមទាំងបុគ្គលិក ដែលអាចប្រើប្រាស់នូវកុំព្យូទ័រនេះ ដើម្បីស្វែងយល់បន្ថែម ពីបទពិសោធន៍ផ្សេងៗ តាមរយៈកុំព្យូទ័រយួរដៃខាងលើនេះផងដែរ។

លោកស្រី ហ៊ុន សេងនី បានបន្តថា សម័យនេះ ជាសម័យទំនើប ដូច្នេះការសិក្សា គឺផ្សារភ្ជាប់ទៅនឹងបច្ចេកវិទ្យាទំនើបផងដែរ ប្រសិនបើបានកុំព្យូទ័រ គឺវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ក្មេងៗ ដើម្បីសិក្សារៀនសូត្រ និងបង្កើននូវចំណេះដឹងនានារបស់ខ្លួន ឱ្យស្របទៅតាមសម័យនៃការរីកចម្រើនរបស់ប្រទេសកម្ពុជា និងពិភពលោកផងដែរ។

លោកស្រីអគ្គនាយិការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនកម្ពុជា-ចិន ដែលបានផ្តល់ជូននូវវត្ថុដែលមានតម្លៃនេះ សម្រាប់បម្រើដល់ការសិក្សា និងសិក្សាជ្រាវស្រាវនេះ​ជូនដល់មជ្ឈមណ្ឌលរបស់អ្នកស្រីដែលជាផ្នែកមួយចូលរួមលើកកម្ពស់វិស័យ ធនធានមនុស្សនៅកម្ពុជា ហើយចប្ចុប្បន្ននេះ មជ្ឈមណ្ឌលរបស់អ្នស្រី នៅមានបញ្ហាខ្វះខាតមួយចំនួនផងដែរ ប៉ុន្តែទោះជាយ៉ាងណាភាគីចិន នឹងបន្តប្តេជ្ញាជួយដល់មជ្ឈមណ្ឌលកុមារកំព្រានៅកម្ពុជា បន្តទៀតតាមលទ្ធភាពដែលអាចធ្វើបាន៕