(ភ្នំពេញ)៖ វគ្គសិក្សាខ្លី​ស្តីពី «ការធ្វើចិញ្ចើម និងបបូរមាត់» ​ក្រោមការរៀបចំដោយ EMT ​នាព្រឹក​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ គេឃើញវត្តមានពិធីការិនីល្បីរបស់ប្រទេសកម្ពុជា គឺអ្នកនាង គង់ សុជាតិ បានចូលទៅស្តាប់ និងរៀនជាមួយសិក្ខាកាមដទៃទៀត លើជំនាញសម្រស់ដែលមានបទបង្ហាញ ពីគ្រូឯកទេស​មកពីតៃវ៉ា​ន់។

អ្នកគ្រប់គ្រងប្រចាំ នៅ EMT អ្នកនាង អ៊ឹង មួយទៀង បានឲ្យដឹងថា អ្នកគ្រូមកពីតៃវ៉ាន់២រូប មានឈ្មោះ Fan Wen Wen & Yu Zi ពិតជាមានភាពច្បាស់លាស់ លើបច្ចេកទេសធ្វើបបូរមាត់ និងចិញ្ចើម ដែលមានស្នាដៃជិត១០ឆ្នាំហើយ ល្បីឈ្មោះលើពិភពលោក។ អ្នកចូលរួមវគ្គសិក្សានេះ ក្បែរ១៥០នាក់ ដែលជាការចូលរួមដោយសេរី ក្រោយពេល អ៊ី អឹម ធី ប្រកាសលើផេក។

អ្នកនាងបន្តថា នេះជាឱកាសសម្រាប់ស្ត្រីយើង ដែលបានដឹងពីតិចនិចថ្មីមួយទៀត ក្នុងន័យធ្វើឲ្យសង្គមផ្នែកសម្រស់នៅស្រុកយើង ប្រែមុខមាត់ថ្មី។ វាជាការជួយឲ្យយើងបានចេះចាំ បន្តលើរបៀបធ្វើចិញ្ចើម និងបបូរមាត់។ ជិតដល់ឆ្នាំ២០១៩ហើយ យើងក៏ត្រូវមានអ្វីដែលថ្មី សម្រាប់វិស័យសម្ជស្ស នៅកម្ពុជាយើង។

ដោយឡែក អ្នកនាង គង់ សុជាតិ បានថ្លែងឲ្យដឹងថា ដោយសារតែមានទំនាក់ទំនង ជាមួយអ្នករៀបចំ គឺអ្នកនាង អ៊ឹង មួយទៀង ទើបអ្នកនាងបានមករៀន និងត្រងយកអ្វីៗដែលថ្មី ពីគ្រូបរទេសកម្រិតពិភពលោក ស្តីពីការធ្វើចិញ្ចើម និងបបូរមាត់។ អ្នកនាង អះអាងថា ខ្លួនមានបទពិសោធន៍ លើផ្នែកសម្រស់ឯកទេសផាត់មុខ ធ្វើសក់យូរឆ្នាំ មានទាំងសាលាបណ្តុះបណ្តាលទៀត។ ដូចនេះ រាល់បទពិសោធន៍ថ្មីប្លែក ធ្វើឲ្យយើងយល់ដឹងល្អ ត្រូវតែទទួលយក។

អ្នកនាងបន្តថា ដោយមាន EMT នាំឲ្យយើងស្គាល់អ្នកច្បាស់ យើងគួរតែច្បិចយកក្នុងនាមជាកូនសិស្សរៀន មានគ្រូខុសពីរៀនអត់គ្រូ មានគ្រូ មានមូលដ្ឋានច្បាស់។ ដូច្នេះហើយ ទើបអ្នកនាងរំពឹងថា នេះជាចំណេះដឹងថ្មីមួយទៀត ដែលនឹងប្រែក្លាយសមត្ថភាពអ្នកនាងឲ្យល្អ ដើម្បីទៅបង្ហាត់បង្រៀនដល់សិស្ស នៅសាលាបណ្តុះបណ្តាលសុជាតិ ឲ្យកាន់តែចេះចាំតទៅមុខទៀត៕