(កណ្តាល)៖ ក្រោយពីសាលាខេត្តកណ្តាល បានរៀបចំចុះបញ្ជីកាត់ដីបឹងមួយចំនួន ចូលជាសម្បត្តិរដ្ឋ ដើម្បីទុកម្រាប់ប្រជាពលរដ្ឋ ប្រកបរបរនេសាទជាលក្ខណៈគ្រួសារ ឬប្រកបរបរកសិកម្មនានា នៅរដូវទឹកសម្រកនោះ ទើបស្រុកនីមួយៗ ចំណុះឲ្យខេត្តកណ្តាល បានបង្កើតជាគណៈកម្មាធិការចម្រុះ ចុះពិនិត្យភូមិសាស្ត្ររៀងៗខ្លួន និងធ្វើការកំណត់ដែនបឹងទាំងនោះ។

សកម្មភាពនេះអាជ្ញាធរគ្រប់ស្រុក បានចុះអនុវត្តចាប់តាំងពីរដូវប្រាំងមកម្ល៉េះ ដោយបានសម្រេចការងារមួយចំនួនធំ និងនៅសេសសល់គម្រោងមួយចំនួន ក៏បន្តអូសបន្លាយរហូតដល់រដូវទឹកដំឡើងនេះ។ តែទោះជាមានការលំបាកយ៉ាងណាក្តី គណៈកម្មការមួយនេះ នៅតែព្យាយាមចុះពិនិត្យកំណត់ដែនបឹង ដែលកំពុងមានទំនាស់ ឲ្យរួចរាល់ផងដែរ។

ជាក់ស្តែង កាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ដឹកនាំដោយលោក ម៉ៅ តារា អភិបាលរងស្រុកស្អាង និងជាប្រធានគណៈកម្មការតំណាងឲ្យលោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង មានការចូលរួមពីលោក ចាប ពលវឌ្ឍន៍ ប្រធានការិយាល័យភូមិបាលស្រុក និងលោកនៅ ប៊ុនណា អធិការរងស្រុកតំណាងឲ្យលោក សេង សុជាតិ លោកមេឃុំ មេភូមិ នគរបាលប៉ុស្តិ៍ រួមទាំងមន្ត្រីជំនាញជាច្រើនរូបទៀត បានជិះទូកយកម៉ាស៉ីនជីប៊ីអេស ចុះទៅបាញ់កំណត់ដីដែនបឹង៥០០ ស្ថិតនៅក្នុងភូមិសាស្រ្តទឹកស្អាងភ្នំ ស្រុកស្អាងខេត្តកណ្តាល។

លោក ម៉ៅ តារា បានប្រាប់អ្នកយកព័ត៌មាន ប្រចាំខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ តាមទូរស័ព្ទថា ការចុះពិនិត្យដែនបឹងនៅក្នុងភូមិសាស្ត្រស្រុកស្អាងនោះ គឺធ្វើទៅតាមការណែនាំរបស់លោកអភិបាលខេត្តកណ្តាល និងមានការណែនាំបន្ថែមពីលោក ញឹម វណ្ណឌិន អភិបាល នៃគណៈអភិបាលស្រុកស្អាង។ ហើយអាជ្ញាធរ បានអនុវត្តចាប់តាំងពីខែប្រាំងមកម្ល៉េះ ដោយបឹងជាច្រើនត្រូវបានកំណត់ដាក់ចូលបញ្ជីរួចរាល់ផងដែរ។ លោកបន្តថា បឹងទាំងនោះមានដូចជា៖ បឹងរាន បឹងជលសា បឹងទទឹងថ្ងៃ បឹងត្នោត បឹងទឹកជោ និងបឹងមួយចំនួនទៀត។

លោកភិបាលស្រុក បានបញ្ជាក់ថា ដោយសារការអនុវត្តគម្រោងរក្សាទុកដីបឹងធម្មជាតិនេះ មិនទាន់រួច ទើបបន្តអូសបន្លាយរហូតដល់រដូវទឹកដំឡើងនេះទៀត។ ក្រុមការងារ បានចុះទៅវាស់វែងដែនបឹង៥០០ ក្នុងភូមិសាស្ត្រឃុំស្អាងភ្នំ និងឃុំក្រាំងយ៉ូវ ហើយកន្លងមកបានចុះដកបង្គោល ដែលក្រុមជនខិលខូចបោះវាទីរំលោភយកដីបឹងរដ្ឋ ក្នុងបឹង៥០០ ដោយដកបានជាង២០០បង្គោល ហើយបានកំណត់ព្រំដែនបឹងស្រុកជាប់គ្នាស្រុកស្អាង និងស្រុកបាទីផងដែរ។ ជាមួយគ្នានេះ ក្រុមការងារបានដាក់បញ្ចូលដីបឹងដែលក្រុមឈ្មួញ វាតទីបោះបង្គោលរំលោភយកនោះ ចូលមកជាដីបឹងសម្បត្តិរដ្ឋវិញអស់ ផងដែរ។

បើតាមលោក ម៉ៅ តារ៉ា ក្រោយពីចុះវាស់វែងដីបឹងប្រាំរយរួច អាជ្ញាធរ និងបន្តបង្កើតគណៈកម្មការចម្រុះដដែល ដើម្បីទៅវាស់កំណត់ល្អាងស្តុកទឹក ដែលហៅថា ល្អាងយុវជនបន្តទៀត និងបន្តទៅកាន់បឹងមួយចំនួនទៀតផង មិនបណ្តោយឲ្យបុគ្គលខិលខូច រំលោភបំពានយកដីបឹងបង្កផលលំបាកដល់ ប្រជាពលរដ្ឋក្នុងការប្រកបរបរកសិកម្ម និងនេសាទនោះឡើយ៕