(កំពង់ចាម)៖ ក្រោយការបោះឆ្នោតត្រូវបានបញ្ចប់ដោយជោគជ័យ ហើយគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីនោះ មន្ដ្រីជានខ្ពស់គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដើម្បីធ្វើការថ្លែងអំណរគុណដល់ពលរដ្ឋម្ចាស់ឆ្នោត និងក្ដាប់យកបញ្ហាប្រឈមនានាទៅដោះស្រាយជូនភ្លាមៗ។

​ជាក់ស្ដែងលោក ឡូវ ហ៊ឹង ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច និងលោកស្រី ណាល់ សុខអៀន ព្រមទាំងក្រុមការងារ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ បានអញ្ជើញចូលរួមអបអរសាទរ និងថ្លែងអំណរគុណ ជូនចំពោះសមាជិកក្រុមការងារ និងប្រជាពលរដ្ឋក្នុងភូមិបឹងទីង ដែលបានខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាងទាំងមុនពេល និងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ធ្វើឲ្យសម្រេចទទួលបានលទ្ធផល ជោគជ័យល្អប្រសើរ។​

ក្នុងឱកាសនោះដែរ តំណាងប្រជាពលរដ្ឋលើកឡើងនូវការថ្លែងអំណរគុណលោក ជា លាងហុង និងលោក ឡូវ សុនសាន ដែលតែងតែជួយដោះស្រាយ និងឧបត្ថម្ភរាល់ការខ្វះខាតទាំងឡាយ ឧបត្ថម្ភគ្រួសារដែលជីវភាពទីទ័លក្រ ឧបត្ថម្ភលោកតា លោកយាយ ព្រះសង្ឃ និងក្មួយៗសិស្សានុសិស្ស នៅក្នុងឃុំទងត្រឡាច។

លោក ឡូវ ហ៊ឹង បាននាំនូវសារថ្លែងអំណរគុណ​សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃកម្ពុជា និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជូនចំពោះ​ប្រជាពលរដ្ឋទាំងអស់ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនលើសពីនេះ សម្តេចសូមជូនពរប្រជាពលរដ្ឋឲ្យជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា។

ពិធីអបអរសាទរ នៃជ័យជំនះទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ បានរីករាយស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងការចូលរួមទទួលទានបបរសាមគ្គី ក្រោមទិសស្លោក ប្រទេសជាតិមានការរីកចម្រើន និងការអភិវឌ្ឍន៍ដែលការចូលរួមពីសំណាក់ព្រះគ្រូចៅអធិវត្ត លោកតា លោកយាយ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ជាមួយគ្នានេះ លោក ឡូវ ហ៊ឹង បានសំណូមពរដល់​ប្រជាពលរដ្ឋត្រូវរួមគ្នាថែររក្សាសុខសន្តិភាព និងការអភិវឌ្ឍ​ រួមគ្នាថែររក្សានូវសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឲ្យបានគង់វង្សសម្រាប់ទុកបន្តដល់កូនចៅជំនាន់ក្រោយៗទៀត ដោយឡែកមន្រ្តីរាជការ ត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើសេវាសាធារណៈ ឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរួមគ្នា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនុវត្តឲ្យបាននូវគោលនយោបាយរបស់​រាជរដ្ឋាភិបាល ស្តីពីភូមិ ឃុំមានសុវត្ថិភាព ជៀសឲ្យផុតអំពីការប្រើប្រាស់គ្រឿងញៀន បងតូច បងធំ និងក្រុមក្មេងទំនើង។​

លោក​ ឡូវ ហ៊ឹង ក៏បានអញ្ជើញពិនិត្យវាយតម្លៃ ការសាងសង់កុដ្ត០១ខ្នង ដែលកំពុងសាងសងក្នុងបរិវេណវត្តសុទិបរាម ដែលនឹងត្រូវចំណាយថវិកា ប្រមាណ៥ម៉ឺនដុល្លារ ហើយនឹងត្រូវដាក់សម្ពោធនាពេលឆាប់ៗនេះផងដែរ៕​