(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះ តាមការអញ្ជើញរបស់ លោក វីវៀន បាឡាក់គ្រីស្ដ្សណាន់ រដ្ឋមន្ដ្រីក្រសួងការប​រទេសសិង្ហបុរី។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោកទេសរដ្ឋមន្ដ្រី បា្រក់ សុខុន នឹងជួបសម្ដែងការគួរសមជាមួយ លោក លី សៀន លុង នាយករដ្ឋមន្ដ្រីសិង្ហបុរីផងដែរ។

បន្ថែមពីនេះ ប្រមុខការទូតកម្ពុជា នឹងជួបប្រជុំទ្វេភាគីជាមួយ លោក វីវៀន បាឡាក់គ្រីស្ដ្សណាន់ ដោយពិភាក្សាអំពីវិស័យជាច្រើន នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងផ្លាស់ប្ដូរយោបល់ផងដែរ អំពីបញ្ហាតំបន់ និងអន្ដរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។

ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ មានគោលបំណងពង្រឹងបន្ថែមទៀត នូវចំណងទាក់ទងទ្វេភាគី និងរិះរកវិស័យថ្មីៗទៀត ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ សំដៅនាំមកនូវផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជាតិទាំងពីរ៕​