(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងអនុញ្ញាតឲ្យថ្នាក់ដឹកនាំ ប្រតិភូ និងអត្តពលិក ពិសេសម្ចាស់មេដាយមាសកីឡាអាស៊ី Asian Games លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី ចូលជួបសម្ដែងការគួរសម្យ និងសំណេះសំណាលភ្លាមៗ ក្រោយបញ្ចប់បេសកកម្ម និងត្រឡប់មកដល់មាតុភូមិវិញ នាវេលាម៉ោង ៥៖៣៥នាទីល្ងាចថ្ងៃទី០៣ ខែកញ្ញាខាងមុខ ។ នេះបើតាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងនាយបេសកកម្ម ពីប្រទេសឥណ្ឌូនេស៊ី ។

លោក វ៉ាត់ ចំរើន បញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ក្រសួងអប់រំ យុវជន និងកីឡា និង NOCC នឹងអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ដោយរៀបចំក្បួនដង្ហែរដ៏អធិកអធម ដើម្បីដង្ហែរអបអរសាទរម្ចាស់មេដាយមាស អមដោយម៉ូតូកិត្តិយសនគរបាលជាតិ ៦គ្រឿង បន្ទាប់ពីប្រតិភូ និងអត្តពលិកជ័យលាភី ធ្វើដំណើរមកដល់កម្ពុជា នាល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្ពោះទៅវិមានសន្ដិភាព ដើម្បីជួបសម្ដែងការគួរសម្យជាមួយសម្ដេចតេជោនាយករដ្ឋមន្ដ្រី ហើយឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនោះ សម្ដេចនឹងធ្វើការសំណេះសំណាល និងផ្ដល់ប្រាក់រង្វាន់ដល់ម្ចាស់មេដាយជ័យលាភីភ្លាមៗផងដែរ ។

យ៉ាងណាមិញគិតត្រឹមថ្ងៃទី២៧ ខែសីហានេះ ព្រឹត្តិការណ៍កីឡា Asian Games លើកទី១៨ នៅឥណ្ឌូនេស៊ី គឺមិនទាន់ចប់នោះទេ ពោលគឺសល់រយៈពេល ៥ថ្ងៃទៀត ទើបបញ្ចប់ការប្រកួតទាំងស្រុង ខណៈលទ្ធផលបណ្ដោះអាសន្ន កម្ពុជាកំពុងឈរលេខរៀងទី២២ ក្នុងចំណោម ៤៥ប្រទេស ក្រោយដណ្ដើមបានមេដាយមាស ២ និងមេដាយសំរឹទ្ធ ១ ។ ប៉ុន្ដែនេះគ្រាន់តែជាលទ្ធផលបណ្ដោះអាសន្ន ស្របពេលកម្ពុជាសល់កីឡាមានសក្ដានុពលមួយចំនួន ត្រូវបន្ដប្រកួត ពិសេសកីឡាសូហ្វតេន្នីស ដែលកម្ពុជារំពឹងឈ្នះមេដាយមាសផងនោះ នឹងចាប់ផ្ដើមការប្រកួតនាថ្ងៃទី២៨ ខែសីហាស្អែកនេះ នៅទីក្រុងប៉ាឡាំបាំង ប្រទេសឥណ្ឌូនេស៊ី ៕