(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានវាយតម្លៃខ្ពស់ ចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨ (បាក់ឌុប) ថា ជាការប្រឡងមួយ ដែលប្រកបដោយភាពរលូន មានសុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយល្អ ធានាបាននូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ ACU ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨នេះ​ ACU ជឿជាក់ថា ជោគជ័យនេះ នាំមកនូវការលើកស្ទួយតម្លៃនៃការសិក្សា ការលើកកម្ពស់ គុណតម្លៃ និងកិត្តិយសគ្រូបង្រៀន ធ្វើឲ្យសង្គមទាំងមូលមានជំនឿជឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាល។

សូមជម្រាបថា ការប្រឡងបាក់ឌុបឆ្នាំ២០១៨នេះ ACU បានដាក់អ្នកសង្កេតការណ៍ ចំនួនជាង៥០០០នាក់ ដើម្បីសង្កេតការណ៍នៅតាមមណ្ឌលចំនួន១៩៦ទូទាំងប្រទេស។ នេះជាឆ្នាំទី៥ លើកទី៦ហើយ ដែលអង្គភាពប្រឆាំងអំពើពុករលួយ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ចូលរួមសង្កេតការណ៍លើដំណើរការ ប្រឡងសញ្ញាបត្របាក់ឌុប៕