(ភ្នំពេញ)៖ តារាសម្តែងប្រុសលោក យូ ឌីស្កូ បច្ចុប្បន្នប្រៀបបាននឹងរស់ឡើងវិញម្តងទៀត បន្ទាប់ពីមានការជោគជ័យក្នុងការព្យាបាលជំងឺនៅប្រទេសឥណ្ឌា។ ទន្ទឹមគ្នានេះ ប្រសិនបើគ្មានសប្បុរសជននោះទេ ជីវិតតារាប្រុសរូបនេះ ក៏មិនដឹងទៅជាយ៉ាងណាដែរ។ ថ្លែងក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» លោក យូ ឌីស្កូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នឹងលោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលអ្នកទាំងពីរប្រៀបបាននឹង មាតាបិតាទីពីររបស់លោក។ ជាមួយគ្នានេះ លោកក៏អគុណចំពោះសប្បុរសជនានា ទាំងក្នុង និងក្រៅប្រទេសផងដែរ ដែលមានចិត្តសន្តោសប្រណីដល់លោក។

ជាក់ស្តែង ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» លោក យូ ឌីស្កូ បានរៀបរាប់ជាច្រើន ពីស្ថានភាពជំងឺ ក៏ដូចជាការព្យាបាលនៅប្រទេសឥណ្ឌាយ៉ាងដូច្នេះថា «បើរាប់ទៅការចេញទៅព្យាបាលនេះ គឺ ៣ខែតែម្តង។ ក្នុងកំឡុងពេលបីខែ នេះ លោកបានចេញទៅជាមួយនឹងប្អូនប្រុសម្នាក់ ខណៈទៅដល់ឥណ្ឌា គឺគេធ្វើការពិនិត្យតាមដានមេរោគរបស់លោក កន្លះខែ ទើបធ្វើការវះកាត់ប្អូនក្រលៀន។ ចំពោះការវះកាត់នេះទៀតសោត គឺប្រើរយៈពេលបី ៣ម៉ោងកន្លះទៅ ៤ម៉ោង ហើយមានវេជ្ជបណ្ឌិតច្រើន»។

លោក យូ ឌីស្កូ បានបន្តថា «បន្ទាប់ពីវះកាត់ហើយ បានកន្លះខែ ទើបលោក អាចមានកម្លាំងវិញបន្តិចម្តងៗ ខណៈការហូបចុកវិញ គឺត្រូវតមច្រើន ហើយហូបម្ហូបដែលចំអិនភ្លាមៗ។ ជាមួយគ្នានេះ លោកអាចធ្វើការហាត់ប្រាណ ធ្វើចលនាបាន បន្ទាប់ពីវះកាត់ហើយ បានមួយខែ។ ពាក់ព័ន្ធនឹងការ ពិសារថ្នាំចំពោះថ្នាំ ក្រលៀនគឺហូបអស់មួយជីវិត និងអាចពិសារទឹកបានមួយថ្ងៃចន្លោះពី ៣ទៅ៤លីត្រ ព្រមទាំងអាចបទជើងតូចធម្មតា ខណៈអស់រយៈពេលមួយឆ្នាំមកហើយ ដែលលោកមិនអាចបទជើងបានធម្មតា អំឡុងពេលមិនទាន់វះកាត់»។

ការចេញទៅព្យាបាលនៅប្រទេសឥណ្ឌានេះផងដែរ លោក យូ ឌីស្កូបាននិយាយ ក្នុង «អាថ៌កំបាំងក្រៅឆាក របស់តារា» ថា «បើសរុបទៅអស់ ៥ម៉ឺនដុល្លារ ខណៈថវិកាទាំងនោះ គឺបានមកពីមូលនិធិសប្បុរសធម៌ ដែលផ្តើមបង្កើតដោយ អ្នកនាង ទូច ស្រីល័ក្ខ លោក ប៉ែន ចំរុង ព្រមទាំងសិល្បករ-សិល្បការិនី មួយចំនួនធំទៀតផងដែរ។ មិនតែប៉ុណ្ណោះ លោក បានថ្លែង អំណរគុណដល់ សប្បុរសជនទាំងអស់ មិនថានៅក្នុង និងក្រៅប្រទេសនោះទេ ដែលមានចិត្តមិនមើលនឹងភ្នែកទទេ ផ្តល់ជាថវិកាដល់លោក ក្នុងការចេញទៅព្យាបាល»។

បន្ថែមពីនេះ រឹតតែធ្វើឱ្យលោក យូ ឌីស្កូ មានសង្ឃឹមកាត់តែខ្លាំង និងធ្វើឱ្យជីវិតរបស់លោក ប្រៀបបាននឹងរស់ឡើងវិញនោះ គឺដោយសារតែជំនួយផ្ទាល់ ពីព្រះរស់ទាំងពីរ គឺ សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលមានចិត្តសន្តោសប្រពៃណី ផ្តល់ថវិកាចេញថ្លៃព្យាលបាលឱ្យលោកទាំងស្រុង មិនថាអស់ថ្លៃប៉ុន្មាន»។

យ៉ាងណាមិញ ដើម្បីចង់ដឹងកាន់តែច្បាស់ ថាលោក យូ ឌូស្កូ បកស្រាយអ្វីខ្លះនោះ សូមទស្សនាវីដេអូខាងក្រោម ដូចតទៅ៖