(ពោធិ៍សាត់​)៖​ ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា មានបុរស​ម្នាក់បានផឹក​ស្រវឹងធ្លាក់ភ្នែក​ បើករថយន្តបោះពួយយ៉ាងលឿន​ ធ្លាក់ស្ទឹងស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ​ ប្រជាពលរដ្ឋព្យាយាមជួយសង្គ្រោះដែរ​ តែដល់ដំណាក់កាលចុងក្រោយទៅហើយ។

ហេតុ​ការ​ណ៍នេះ ​បាន​កើតឡើង​ នៅ​ម៉ោង​៤​​៖៥០នាទីល្ងាច​ ថ្ងៃ​ទី​២៥​ ខែសីហា​ ​ឆ្នាំ​២០១៨​ ស្ថិត​នៅ​លើកំណាត់ផ្លូវក្រាលគ្រួសក្រហម​ រ៉បស្ទឹងកណ្តៀង​ ស្ថិតក្នុងភូមិកណ្តៀង​ ឃុំកណ្តៀង​ ស្រុកកណ្តៀង​ ខេត្តពោធិ៍សាត់​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះជាអ្នក​បើករថយន្ត​ មានឈ្មោះ​ ប៉ូច សោភា​ ភេទប្រុស​ អាយុ៣១ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរកសិករ​ មានទីលំនៅភូមិបឹងក្រាញ់​ ឃុំស្វាយលួង​ ស្រុកកណ្តៀង​ ខេត្តពោធិ៍សាត់​។

មុន​ពេល​កើតហេតុ​ គេ​បានឃើញ​រថយន្ត​១​គ្រឿង​ម៉ាកកាមរី​ ពណ៌ប្រផេះ​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 2N-8401​ បើកបរដោយឈ្មោះ ប៉ូច សោភា​​ បានធ្វើដំណើរតាមបណ្តោយផ្លូវក្រាលគ្រួសក្រហម​ ក្នុងទិសដៅពីលិចមកកើត​ ក្នុងល្បឿនលឿន​ ទំនងជាស្រវឹងផងនោះ​ បានរ៉េចង្កូតធ្លាក់ចូលទឹកស្ទឹងកណ្តៀង​។ ភ្លាមនោះមានបងប្អូនប្រជាពលរដ្ឋ​ ជាច្រើននាក់​ បានព្យាយាមជួយសង្គ្រោះដែរ​ តែជាអកុសល​ ជនរងគ្រោះ​ បានដាច់ខ្យល់ស្លាបលនៅក្នុងរថយន្តបាត់ទៅហើយ។

ក្រោយ​ពេលកើតហេតុ​ ​កម្លាំងសមត្ថកិច្ច​ បានប្រគល់សពជូនក្រុមគ្រួសារ​ជនរងគ្រោះ​ ដើម្បីធ្វើបុណ្យតាមប្រពៃណី​ រីឯវត្ថុតាងរថយន្ត រង់ចាំមធ្យោបាយរថយន្តស្ទូច​ យកចេញពីកន្លែងកើតហេតុនាពេលក្រោយ។

បើតាមសមត្ថកិច្ច មូលហេតុនៃការបើកបរធ្លាក់ផ្លូវបែបនេះ ដោយសារតែ​បើកបរ ស្ថិតក្នុងស្ថានភាពស្រវឹង៕