(បន្ទាយមានជ័យ​)៖​ ភ្នាក់ងារ Fresh News ប្រចាំខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៦​ ខែសីហា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ​ប្រជាពលរដ្ឋបាន​ប្រទះឃើញសាកសព អនុប្រធានមន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យវ័យចំណាស់ម្នាក់ ដែលបណ្តាលមកពីខ្យល់គ។

លោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា នៅវេលាម៉ោង៩៖​២៥នាទី ព្រឹកថ្ងៃទី២៥​ ខែសីហា​ ឆ្នាំ២០១៨ មានប្រជា​ពលរដ្ឋ​ប្រទះឃើញសពក្រោមដើមធ្នង់ ក្នុងបរិវេណចំការស្វាយចន្ទី ចម្ងាយប្រមាណ១០០០ម៉ែត្រ ខាងជើងភូមិព្រៃសង្ហារ ឃុំបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ។​

សពជនរងគ្រោះឈ្មោះ កែវ សំពៅ ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ បច្ចុប្បន្នមានតួនាទីជាអនុប្រធានមន្ទីរកិច្ចការនារី ខេត្តឧត្តរមានជ័យ ។

លោអធិការបានបញ្ជាក់ថា ក្រោយពីទទួលបាន​ព័ត៌មាន លោកបានចាត់តាំងកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍បន្ទាយឆ្មារ សហការជាមួយក្រុមគ្រូពេទ្យ ចុះត្រួតពិនិត្យដល់កន្លែងកើតហេតុ។​ តាមការពិនិត្យ​ និងធ្វើកោសល្យវិច្ច័យលើសពជនរងគ្រោះ ឃើញថា ពិតជាស្លាប់ដោយសារខ្យល់គ ប្រាដកមែន ខណៈពេលដែលជនរងគ្រោះ មកមើលចំការម្នាក់ឯង នៅចំណុចកើតហេតុខាងលើរបស់ខ្លួន។​

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកមករៀបចំធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសពភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ សៅ សារឿន ក៏បានឲ្យដឹងដែរថា នៅវេលាម៉ោង១១៖៣០នាទី ថ្ងៃទី២៥​ ខែសីហា​ ឆ្នាំ២០១៨ នេះដែរ ក៏មានបុរសវ័យចំណាស់ម្នាក់ទៀត គេប្រទះឃើញលង់ទឹកស្លាប់ ក្នុងកសិណប្រាសាទបន្ទាយឆ្មារ ជ្រុងខាង​កើត និងខាងត្បូង។​

បើតាមសមត្ថកិច្ច ជនរងគ្រោះឈ្មោះ ប៉ែ គី​ ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅក្នុងវត្តបន្ទាយឆ្មារ ជាមនុស្សវិកលចរិក។ មូលហេតុនាំការស្លាប់ បណ្តាលមកពីស្រវឹងស្រា ជិះទូកដកព្រលឹត ក៏បណ្តាលឲ្យធ្លាក់ពីលើទូកចូលទឹកលង់ស្លាប់តែម្តង។

ក្រោយការពិនិត្យសាកសពរួច កម្លាំងជំនាញ និងប៉ុស្តិ៍ បានប្រគល់ទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕