(កំពង់ចាម)៖ ​មានករណីគ្រោះអគ្គិភ័យមួយ បានកើតឡើងនៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ ស្ថិតក្នុងភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ព្រំប្រទល់សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម បណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី។

ភា្លមៗក្រោយទទួលបានដំណឹងនេះ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្ដមសេនីយ៍ទោ ឯម កុសល បានចេញបញ្ជាទៅកម្លាំងសមត្ថកិច្ចជំនាញ ចេញរថយន្ដពន្លត់អគ្គិភ័យ ចំនួន៤គ្រឿង ដើម្បីចេញអន្ដរាគមន៍ជួយសង្គ្រោះ។

ដើម្បីពិនិត្យ និងអន្ដរាគមន៍ឆាប់រហ័សនូវគ្រោះអគ្គិភ័យនេះ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន និងលោកឧត្តមសេនីយ៍ស្នងការ បានចុះទៅកន្លែងកើតហេតុភ្លាមៗផងដែរ​ ដើម្បីដឹងពីស្ថានភាពជាក់ស្ដែង ងាយស្រួលដល់ការចាត់បញ្ជាកម្លាំងបន្ថែមទៀត។

ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ​បន្ទាប់ពីប្រតិបត្តិការជួយសង្គ្រោះអស់ប្រមាណ១ម៉ោងក្រោយមក អគ្គិភ័យនេះក៏បានរលត់ទាំងស្រុង ដោយបានបំផ្លាញផ្ទះចំនួន២ខ្នង, រោងដាក់ឡាន១, រថយន្ដបែន១គ្រឿង, ប្រាក់រៀល៧លាន៧សែនរៀល, ប្រាក់ដុល្លារ៤,៣២០ដុល្លារ និងទ្រព្យសម្បត្តិមួយចំនួនទៀត តែមិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ។

​ស្ថិតក្នុងស្ថានភាពដ៏សោកសៅបែបនេះ ទាំងអភិបាលខេត្តកំពង់ចាម និងលោកស្នងការ បានសម្ដែងនូវការសោកស្ដាយជាមួយជនរងគ្រោះ ដែលត្រូវបានអគ្គិភ័យឆាប់ឆេះផ្ទះ និងបំផ្លាញទ្រព្យសម្បត្តិអស់ខ្ទង់ម៉ឺនដុល្លារ ត្រឹមតែមួយពព្រិចភ្នែកប៉ុណ្ណោះ។

បន្ថែមពីនេះ លោកបានធ្វើការផ្ដាំផ្ញើ និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីបង្ការកុំឲ្យមានគ្រោះថ្នាក់សង្គមនេះកើតឡើង ខណៈដែលកម្លាំងសមត្ថកិច្ចកំពុងតែត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីធ្វើការអន្ដរាគមន៍ចេញជួយសង្គ្រោះពលរដ្ឋ។ ប៉ុន្ដែទន្ទឹមនឹងអាជ្ញាធរត្រៀមលក្ខណៈបែបនេះ ប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ក៏ត្រូវតែប្រុងប្រយ័ត្នដូចគ្នា។

ពាក់ព័ន្ធបញ្ហានេះ សម្ដេចក្រឡាហោម ស ខេង ​ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ធ្លាប់បាន​ថ្លែងថា ការងារបង្ការ និងពន្លត់អគ្គិភ័យ គឺជាករណីកិច្ចរបស់គ្រប់ក្រសួង ស្ថាប័ន អង្គភាព អង្គការសង្គមស៊ីវិល ផ្នែកឯកជន និងជនគ្រប់ៗរូប ដែលទាំងអស់គ្នាចាំបាច់ត្រូវមានស្មារតីប្រុងប្រយ័ត្ន កុំឲ្យកើតមានអគ្គិភ័យ និងត្រូវចូលរួមជួយគ្នាពន្លត់ នៅពេលមានអគ្គិភ័យកើតឡើង តាមទិសស្លោក «យើងរួមគ្នាបង្ការ និងពន្លត់អគ្គិភ័យ»

សម្ដេចក្រឡាហោម ស​ ខេង បានជំរុញអាជ្ញាធរដែនដីគ្រប់ថ្នាក់ ត្រូវបង្កើនវិធានការអប់រំណែនាំ ដល់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីលើកកម្ពស់ការយល់ដឹង និងសកម្មចូលរួមក្នុងចលនាបង្ការ និងពន្លត់អគ្គិភ័យនៅមូលដ្ឋាន ពិសេសឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នគ្រប់ពេល ចំពោះដើមចមដែលអាចបង្កឲ្យកើតមានអគ្គិភ័យ៕