(កំពង់ចាម)៖​ បទល្មើសនេសាទខុសច្បាប់នៅតែបន្ដលួចលាក់កើតមាន ហើយកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទនៅខេត្តកំពង់ចាម ​តែងបន្ដតាមបង្ក្រាបដូចគ្នាផងដែរ ជាក់ស្ដែងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ ព្រះរាជអាជ្ញាខេត្តកំពង់ចាម លោក ហួត វុទ្ធី បានបញ្ជាកម្លាំងនគរបាលបើកប្រតិបត្តិការបង្ក្រាប នៅមូលដ្ឋាន​ស្រុកកងមាស។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បន្ទាប់ពីទទួលបានព័ត៌មានពីមូលដ្ឋាន និងទទួលបានបទបញ្ជាពីព្រះរាជអាជ្ញាផងនោះ មិនបានបង្អង់យូរនោះឡើយ បានចាត់បញ្ជាភ្លាមៗ ទៅលោកអធិការនគរបាលស្រុកកងមាស សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលអង្គរ ចុះបង្ក្រាបតែម្ដង ដោយដកហូតបានវត្ថុតាងមួយចំនួន។

លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងនៅ​ចំណុចបឹងសារាយ ឃុំសូរគង និងចំណុចបឹងចង្រុក ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ដែលជាលទ្ធផល លូស្បៃមុង ចំនួន​៣៨​មាត់, របាំងព្រួល ចំនួន​១,៩៥០​ម៉ែត្រ, រ៉ាវ ចំនួន២៩​មាត់ និងលែងកូនត្រីចម្រុះ ចំនួន​២៥០​គីឡូក្រាម។

ក្រោយប្រតិបត្តិចប់សព្វគ្រប់ ចំពោះសម្ភារ និងវត្ថុតាងត្រូវបានសហការដុតបំផ្លាញចោល នៅភូមិទួលវិហារ ឃុំរាយប៉ាយ ស្រុកកងមាស ដោយមានការឯកភាព​ពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម៕