(ពោធិ៍សាត់)៖ នៅរសៀលថ្ងៃទី២៥ ខែសីហានេះ លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អមដំណើរដោយលោក នង វាសនា អនុប្រធាន,លោក ហេង ផេង អនុប្រធាន, លោក សឺ រ៉ានី អនុប្រធាន, ព្រមទាំងសមាជិកសមាជិកា និងលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ចែកអំណោយដល់សហគមន៍កសិករ និងប្រជាពលរដ្ឋដែលរងគ្រោះរាំងស្ងួត ចំនួនជាង១៥០គ្រួសារ មកពីភូមិព្រៃរោង​ ភូមិសេរីគន្ធា នៃឃុំផ្ទះរុង ស្រុកបាកាន និងមកពីភូមិថ្លុកដង្កោ​ ភូមិកន្លង់​​ និងភូមិស្តុកខ្ទុម​ នៃឃុំផ្ទះរុង​ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

អំណោយទាំងនោះរួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា ស្ករស ត្រីខកំប៉ុង ទឹកសុទ្ធ នំកញ្ចប់ និងសំភារៈផ្សេងៗទៀត សរុបជាថវិកាប្រមាណជាង២៥លានរៀល ដែលបានមកពីការឧបត្ថម្ភផ្ទាល់ពីលោក សុខ ពុទ្ធិវុធ និងលោកស្រី ហ៊ុន ម៉ាលី ព្រមទាំងក្រុមប្រឹក្សាភិបាល និងសមាជិកសមាជិកាសហព័ន្ធស្រូវអង្ករកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះដែរ លោក សុខ ពុទ្ធិវុធ ព្រមទាំងក្រុមប្រឹក្សាភិបាល និងសមាជិកសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា បាននាំយកនូវ អង្ករជាង១តោន ភេសជ្ជៈ មី និងបច្ច័យមួយចំនួនប្រកេនព្រះសង្ឃនៅវត្តថ្លុកដង្កោ ដែលបានផ្តល់ទីតាំងសម្រាប់រៀបចំកម្មវិធី។

កម្មវិធីនេះដោយមានការចូលរួមពីប្រធានមន្ទីរកសិកម្មខេត្ត លោកអភិបាល អភិបាលរងស្រុក លោកមេឃុំ មេភូមិ និងអាជ្ញាធរដែនដីផងដែរ៕