(ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ស្ថានការណ៍នយោបាយនៅកម្ពុជា កាន់តែរីកចម្រើនខ្លាំងមែនទែនហួសពីការគិត និងមានការសាទរយ៉ាងខ្លាំងពីមជ្ឈដ្ឋានជាតិ និងអន្ដរជាតិ ក្រោយពេលដែលអ្នកនយោបាយ សកម្មជនដីធ្លី និងអតីតអ្នកយកព័ត៌មានមួយចំនួន ត្រូវបានដោះលែងចេញពីពន្ធនាគារតាមរយៈព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា តាមសំណើសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា​។

នយោបាយបម្រួបបង្រួមរបស់បុរសខ្លាំងកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យអន្ដរជាតិ និងប្រទេសធំៗដែលធ្លាប់តែរិះគន់ និងថ្កោលទោសយ៉ាងខ្លាំងខ្លានោះ បានប្រែទិសដៅ របស់ពួកគេដោយចាត់ទុកកម្ពុជា កំពុងតែមានស្ថានភាពប្រជាធិបតេយ្យល្អប្រសើរ។ ផ្ទុយពីនយោបាយពិសពុល និងល្ងង់ខ្លៅរបស់ទណ្ឌិត សម រង្ស៊ី បានចាប់ផ្ដើមក្លាយជា មនុស្សឯកា នៅទីបំផុតមានទោសនិងជាប់គុកតែម្នាក់ ខណៈមនុស្សជំនិតរបស់ខ្លួនជាច្រើននាក់ ត្រូវបាន​ដោះលែងឲ្យមានសេរីភាព និងជួបជុំគ្រួសារឡើងវិញ។

ភាពពិសពុល និងបំណងបំផ្លាញដ៏ឃោឃៅរបស់ទណ្ឌិត សម រង្ស៊ី បានបង្ហាញយ៉ាងច្បាស់ថា សម រង្ស៊ី មិនចង់ឲ្យមនុស្សរបស់ខ្លួនរួចខ្លួននោះឡើយ ដោយជេរប្រមាថធ្ងន់ៗ មកលើសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីឲ្យសម្តេចប្រតិកម្មខឹង ឈានទៅមិនដោះលែងមន្រ្តីរបស់ខ្លួន ដោយខ្លាចខ្លួននៅមានទោសជាប់គុកតែ​ម្នាក់ឯង។ ប៉ុន្តែទីបំផុតការប្រើប្រាស់យុទ្ធសាស្រ្តថោកទាបរបស់ សម រង្ស៊ី មិនបានរារាំងបំណងមេត្តាធម៌របស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមខ្មែរ និងខ្មែរនោះឡើយ។

ជាក់ស្តែងនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន និងការដោះលែងពិតប្រាកដទទួលបានការសាទរ តែផ្ទុយទៅវិញទណ្ឌិត សម រង្ស៊ី ដែលអាយ៉ងបរទេសដែលកំពុងស្រែកពី ក្រៅប្រទេសមកនោះ មិនបានអបអរសាទរនោះឡើយ ថែមទាំងប្រើពាក្យពញ្ញុះ និងវាយប្រហារកាន់តែខ្លាំងមកដល់សម្តេចតេជោ។

ពិតប្រាកដណាស់នៅក្នុងសប្ដាហ៍នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីដ៏មានឥទ្ធិពល និងមានប្រជាប្រិយភាពរបស់កម្ពុជា ថ្លែងចេញពីស្រុកកៀនស្វាយ ខេត្តកណ្ដាល បានប្រកាស នៅចំពោះមុខកម្មកររាប់ពាន់នាក់ថា សម្ដេចនឹងស្នើសុំឲ្យមានការលើកលែងទោស​អ្នកជាប់ពន្ធនាគារ ជាលក្ខណៈទ្រង់ទ្រាយធំ នៅក្នុងឱកាសភ្ជុំបិណ្ឌ។

លទ្ធផលបានបង្ហាញយ៉ាងពិតប្រាកដ ដោយផ្ដើមឡើងដំបូង នៅយប់ថ្ងៃទី២០ ខែសីហា អ្នកស្រី ទេព វន្នី សកម្មជនដីធ្លីសហគមន៍បឹងកក់ ក៏ត្រូវបានដោះលែងចេញពីពន្ធនាគារ ក្រោយមកទៀតបានមួយថ្ងៃ គឺព្រលប់ថ្ងៃទី២១ ខែសីហា អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី២រូប លោក អួន ឈិន និងលោក យាង សុធារិន ក៏ត្រូវបានដោះលែងចេញពីពន្ធនាគារ ហើយនៅយប់ថ្ងៃទី២៣ ខែសីហាម្សិលមិញ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ត្រូវបានដោះលែងចេញពីពន្ធនាគារ ហើយនៅថ្ងៃទី២៥ ខែសីហានេះ លោក អ៊ុ សំអាន អតីតតំណាងរាស្ដ្រគណបក្សប្រឆាំង គឺជាមនុស្សទី៦ ដែលត្រូវបានដោះលែងចេញពីពន្ធនាគារ។ ដោយឡែកអ្នកទោសផ្សេងទៀត ដែលកំពុងជាប់ពន្ធនាគារ ក៏នឹងមានសេរីភាពផងដែរ នៅពេលឆាប់ៗខាងមុខនេះ។ ចំណែកទណ្ឌិត សម រង្ស៊ី គ្មានឡើយពាក្យថា សេរីភាព និងរួចទោសពីទង្វើក្បត់ជាតិរបស់ខ្លួន។

នយោបាយរបស់បុរសខ្លាំងកម្ពុជាពិតជាខ្លាំងលើខ្លាំង បើទោះបីទណ្ឌិតរត់ចោលស្រុក ដែលមានឈាមជ័រជាជនក្បត់ជាតិតពីឪនោះ ប្រឹងប្រើពាក្យបញ្ចេះយ៉ាងណាក៏ដោយ ប៉ុន្ដែសម្រាប់បុរសខ្លាំងកម្ពុជា បានប្រើប្រាស់យុទ្ធសាស្ដ្រ «ឌីហ្វីត» ដែលចុងក្រោយទៅគឺមានតែ សម រង្ស៊ី ប៉ុណ្ណោះជាអ្នកទោសដ៏ឯកាបំផុត ជាប់ពន្ធនាគារម្នាក់ឯង។

យុទ្ធសាស្ដ្រ «ឌីហ្វីត» របស់នាយករដ្ឋមន្ដ្រីសម្ដេចតេជោ ហ៊ុន សែន នៅពេលនេះ វាក៏មិនខុសពីយុទ្ធសាស្ដ្រដែលសម្ដេចធ្លាប់បានធ្វើ ជាមួយក្រុមខ្មែរក្រហម​នាអំឡុងឆ្នាំ១៩៩៨ ដែលពេលនោះកងទ័ពខ្មែរក្រហម បានដោះសម្លៀកបំពាក់ និងបោះអាវុធចោល ហើយមកចូលរួមជាមួយរាជរដ្ឋាភិបាល ដោយទុកមេដឹកនាំជាន់ខ្ពស់របស់ពួកគេ ត្រូវបានកាត់ទោស និងជាប់ពន្ធនាគាររហូតមកដល់ពេលនេះ៕