(ស្វាយរៀង)៖ បុរសជាជនសង្ស័យ៥នាក់ ត្រូវបានសមត្ថកិច្ចមូលដ្ឋានស្រុករំដួល ធ្វើការឃាត់ខ្លួនមកសាកសួរ បន្ទាប់ពីមានសេចក្ដីរាយការពីប្រជាពលរដ្ឋថា មានក្រុមជនសង្ស័យបានជិះម៉ូតូរោទិ៍ខ្លាំងៗ និងមានកាន់ដុំថ្ម ក្នុងដៃបង្កការភ័យខ្លាចដល់អ្នកភូមិ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាល ពីវេលាម៉ោង១៖០០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិក្រូច ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុករំដួល បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់រួមមាន៖ ឈ្មោះ ព្រំ វី ភេទប្រុស អាយុ២៣ឆ្នាំ, ឈ្មោះ យ៉ាន វីរៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងជុសជុលគ្រឿងចក្រ, និងឈ្មោះ មេ​​​​​​​ សិទ្ធ ភេ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយជ័យជាមួយគ្នា។

ចំណែកជនសង្ស័យពីរទៀតឈ្មោះ វិបុល​​​ រស្មី ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះ គង់​​ សុផល់ ភេទប្រុស អាយុ១៧ឆ្នាំ ហើយអ្នកទាំងពីររស់នៅភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដូចគ្នា។

បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនមកសាកសួរ និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនឃើញថា ជាលទ្ធផលវិជ្ជមាន គឺទាំង៥នាក់ មានការប្រើប្រាស់គ្រឿងញៀនផងដែរ។ បច្ចប្បន្ន ជនសង្ស័យទាំង៥នាក់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងងកសាងសំណុំរឿងបញ្ជូន មកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមច្បាប់៕