(កំពង់ធំ)៖ ម៉ូតូ២គ្រឿង របស់អ្នកស្រុកសន្ទុក ដែលបានដាក់នៅក្រោមផ្ទះជាទម្លាប់ ត្រូវបានចោរហែករបងចូលលួចទាំងយប់អធ្រាត្រ។ ហេតុការណ៍នេះ បានកើតឡើងនៅ​ភូមិ៧មករា ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ វេលាម៉ោង១៖០០ រំលងអធ្រាត្រ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨។

បើតាមប្រភពពីជនរងគ្រោះ ឈ្មោះហេង ឆៃហុង ភេទប្រុស បានឲ្យដឹងថា ខ្លួនបានដាក់ម៉ូតូនៅក្រោមផ្ទះដូចសព្វដង តែព្រឹកឡើងស្រាប់តែបាត់ម៉ូតូ ដោយមិនដឹងមូលហេតុ។ លោកបន្តថា ពេលដើរពិនិត្យជុំវិញផ្ទះ ក៏ឃើញមានការហែករបងចូលលួច ទើបសង្ស័យថាមានចោរចូលលួច ហើយដោយសារបាត់ម៉ូតូ មិនដឹងមូលហេតុយ៉ាងនេះ លោកក៏បានរាយការណ៍ជូនសមត្ថកិច្ចផងដែរ។

លោក ហេង ឆៃហុង បានឲ្យដឹងថា ម៉ូតូដែលបានបាត់ចំនួន២គ្រឿងនោះ មានមួយគ្រឿងម៉ាក Suzuzi FD110 ស្លាកលេខកំពង់ធំ 1A-2185 និងម៉ូតូមួយគ្រឿងទៀតម៉ាក HONDA DREAM 2013 Black មានស្លាកលេខកំពង់ធំ 1F-1728 ។ លោកបន្តថា​ សម្រាប់បងប្អូនណាដែលបានប្រទះ ភិនភាគម៉ូតូខាងលើនេះ សូមរាយការណ៍ជូនលោក ហើយលោកនឹងមានគុណូបការៈជូន៕