(កណ្ដាល)៖ ដោយសារដីនៅក្នុងទឹកដីខេត្តកណ្ដាល ដែលមានភូមិសាស្ត្រហ៊ុំព័ទ្ធជាប់រាជធានីភ្នំពេញ កំពុងត្រូវប៉ាន់ឡើងថ្លៃស្រឺតៗ បានធ្វើឲ្យក្រុមឈ្មួញ និងមន្ត្រីខិលខូចមួយចំនួនឃុបឃិតគ្នាទិញ លក់ដីយ៉ាងអនាធិបតេយ្យ ជាពិសេសដីព្រៃលិចទឹក និងដីបឹងសាធារណៈតែម្ដង។

សកម្មភាពរំលោភបំពានទិញលក់ដីបឹង ដីព្រៃលិចទឹកសាធារណៈរបស់រដ្ឋ ឬរបស់សហគមន៏ខាងលើនេះ ពួកគេមិនត្រឹមធ្វើឡើងនៅរដូវប្រាំង រដូវទឹកគោក រាក់ប៉ុណ្ណោះទេ សូម្បីតែរដូវទឹកតម្លើងបាចហាចពាសវាលពាសកាលមើលមិនឃើញដីគោក កន្លែងខ្លះទឹកលិចមានជម្រៅពីរបីសន្ទូងមនុស្សចាស់ ក៏ពួកគេឆ្លៀតឱកាសនាំគ្នាចុះវាស់វែងយ៉ាងប្រញាប់ប្រញាល់ដែរ ទោះបីការវាស់វែងបែបនេះ មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសក្ដី។

អ្នកស្រុកស្អាងបានអះអាងថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង ខេត្តកណ្ដាល បានចេញលិខិតបង្គាប់ការចាត់តាំងលោក ម៉ៅ តារា អភិបាលរងស្រុកដឹកនាំមន្ត្រីជំនាញ និងសមត្ថកិច្ចថ្នាក់ក្រោមឲ្យជិះទូកយកជីភីអេស (GPS) ចុះទៅវាស់វែងដីរបស់ក្រុមហ៊ុន អេកូមេ ហ្គាប៉ូលីស ឌីវើឡុបមែន ខបភើរេសិន ឯ.ក ដែលមានឈ្មោះ ឃុន សៀ (ឧកញ៉ា ឃុន សៀ) ជាតំណាង ខណៈនៅតំបន់ដែលលោកអភិបាលស្រុកបញ្ជាឲ្យចុះទៅ វាស់វែងដីនោះគឺកំពុងតែលិចទឹកដោយសារជំនន់ទឹកទន្លេកន្លែងខ្លះមានជម្រៅពីរបីសន្ទូងមនុស្សចាស់ឯណោះ។

មិនតែប៉ុណ្ណោះដោយសារគ្មានដីគោក គ្មានបង្គោល ព្រំច្បាស់លាស់ ព្រោះកន្លែងខ្លះជាដីក្រុមហ៊ុនទិញក្រោមការឃុបឃិតគ្នា កន្លែងខ្លះជាដីប្រជាជន និងកន្លែងខ្លះទៀតជាដីបឹងសាធារណៈនោះ ទើបធ្វើឲ្យគណៈកម្មការវាស់វែងមិនអាចរកទីតាំងឃើញ ក៏យកជីភីអេសទៅចុចចំដីប្រជាពលរដ្ឋធ្វើឲ្យអ្នកស្រុកផ្ទុះការតវ៉ារកឈានទៅដល់ការប្រើហឹង្សាដាក់គ្នា ទើបក្រុមវាស់វែងសំរេច ដកថយទៅវិញអស់ទៅ។ ចំណែកអ្នកខ្លះថា ដីក្រុមហ៊ុននៅក្នុងភូមិវាល ឃុំស្អាងភ្នំ ស្រាប់តែលិខិតបង្គាប់ការឲ្យទៅវាស់ដីលិចទឹកនៅភូមិទួលសាលា ឃុំស្អាងភ្នំទៅវិញ។

រឿងអាស្រូវនៅឃុំស្អាងភ្នំមិនទាន់បាត់ធុំក្លិនផង ស្រាប់តែនៅថ្ងៃទី២២ ខែសីហា កន្លងទៅថ្មីៗនេះ មន្ត្រីតុលាការ មន្ត្រីអាជ្ញាធរ សមត្ថកិច្ចខេត្តកណ្ដាល និងស្រុកស្អាង បានលើកគ្នារាប់សិបនាក់ជិះទូកជាច្រើនគ្រឿង យកជីភីអេស ទៅវាស់វែងដីលិចទឹក ដីបឹងនៅចំណុចព្រែកកាហែ ព្រែកជ័យ ស្ថិតក្នុងឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល តាមការស្នើសុំរបស់ឈ្មួញឈ្មោះ ងូ ហេងជុំ បន្ថែមទៀត រហូតទាល់តែអ្នកស្រុកជិត១០០នាក់ ប្រដាប់ដោយកាំបិត ដំបងជិះទូកទៅរារាំង ព្រោះវាស់លើទីតាំងដីរបស់ពួកគាត់ ទើបក្រុមមន្ត្រីទាំងអស់នោះនាំគ្នាដកថយត្រឡប់មកវិញអស់ទៅ។

អ្នកស្រុកបានលើកជាចម្ងល់ថា តើពួកគេមានបំណងអ្វី បានជាមកវាស់វែងដីធ្លីពេលដីទឹកលិចរកកោះរកត្រើយ រកបង្គោលព្រំមិនឃើញបែបនេះ ឬមួយជាចេតនាវាស់វែងងាយស្រួលធ្វើប្លង់រំលោភយកដីរបស់ពួកគាត់ពេលទឹកស្រកទៅវិញ? អ្នកខ្លះទៀតបាននាំគ្នានិយាយចំអកថា តើពួកឈ្មួញ និងមន្ត្រីនាំគ្នាមកវាស់ដីពេលទឹកលិចបែបនេះ តើពួកគេមានបំណងធ្វើប្លង់រឹង ឬវាស់វែងដើម្បីធ្វើប្លង់រាវ.? ៕