(ពោធិ៍សាត់)៖ មន្ត្រីជំនាញគ្រាប់រំសេវ និងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ស្រុកវាលវែង និងស្រុកក្រគរ កាលពីពេលថ្មីៗនេះ​ បានសហការគ្នា ចុះប្រមូលកាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ២៦គ្រាប់ ខណៈដែលប្រជាពលរដ្ឋប្រទះឃើញ​ នៅតំបន់ផ្សេងៗគ្នា។

កម្លាំងនគរបាលស្រុកក្រគរ បានឲ្យដឹងថា នៅវេលាម៉ោង១១៖០០នាទីព្រឹក​ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ក្នុងភូមិបំណក់​ ឃុំឈើតុំ​ ស្រុកក្រគរ កម្លាំងសហការ​បានចុះប្រមូលកាកសំណល់គ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះ​ ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋ​ បានចំនួន១៩គ្រាប់ រួមមាន៖ ប្រភេទ ៦០មីលីម៉ែត្រចំនួន ១៣គ្រាប់,​ ប្រភេទ ៤៥មីលីម៉ែត្រចំនួន ០៦គ្រាប់។ ហើយនៅប៉ុស្ដិ៍នគរបាលរដ្ឋស្នាអន្សា​ បានប្រគល់គ្រាប់បែកដៃ (ផលិតនៅប្រទេសចិន) ចំនួន០១គ្រាប់ផងដែរ។

ចំពោះនៅស្រុកវាលវែង នាព្រឹកថ្ងៃដដែលនោះ ស្ថិតក្នុងភូមិក្រពើរពីរ​ ឃុំក្រពើរពី ស្រុកវាលវែង កម្លាំងសហការ​ ក៏បានចុះប្រមូលកាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ​ រួមមានគ្រាប់បេ៤០​ ចំនួន០៧គ្រាប់។

កាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់នៅពីសម័យកាលសង្រ្គាមដ៏យូរលង់នៅប្រទេសកម្ពុជានេះ ត្រូវ​បានប្រគល់ជូនមន្រ្តីជំនាញគ្រាប់រំសេវ អង្គការHallo Trust ហើយគ្រាប់ទាំងនោះ តំបន់ខ្លះមានសដ្ឋានភាពលំបាកខ្លាំង ក៏សម្រេចធ្វើការកម្ទេចចោលនៅនឹងកន្លែងអស់មួយចំនួន និងមួយចំនួនទៀត បានប្រមូលយកទៅកន្លែងបច្ចកទេស៕