(ពោធិ៍សាត់)៖ លោក ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី២៤​ ខែសីហា​ ឆ្នាំ២០១៨​ បានដឹកនាំប្រតិភូ គោរពវិញ្ញាណក្ខន្ធសព លោក គង់​ សម្បត្តិ​ (ហៅអ៊ុផុន) សមាជិកក្រុមប្រឹក្សាស្រុកបាកាន ដែលបានទទួលមរណភាព កាលពីវេលាម៉ោង៤និង៣០ទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែសីហា​ ឆ្នាំ២០១៨ ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានផ្ទាល់នៃសព ស្ថិតក្នុងភូមិស្នាមព្រះ​ ឃុំស្នាមព្រះ​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់។

ក្នុងពិធីគោរពវិញ្ញាណក្ខន្ធសពលោក ខូយ សុខា និងលោក ម៉ៅ ធនិន ព្រមទាំងអ្នករួមដំណើរទាំងអស់ បានសម្តែងនូវក្តីក្រៀមក្រម ក្តុកក្តួលរំជួលចិត្ត សោកស្តាយក្រៃលែង ចំពោះការបាត់បង់ លោក គង់​ សម្បត្តិ​ ដែលជាការបាត់បង់នូវឳពុកជាទីស្រលាញ់ និងបាត់បង់ជីតាជាទីគោរព ដែលប្រកបដោយកតញ្ញូតាធម៌ និងភក្តីភាព ចំពោះក្រុមគ្រួសារ។

ថ្នាក់ដឹកទាំង២បានចាត់ទុកថា ការបាត់បង់នូវបុគ្គលដ៏ឆ្នើមមួយរូប ធ្លាប់បានតស៊ូយ៉ាងស្វិតស្វាញ ដោយលះបង់កម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីបុព្វហេតុជាតិ មាតុភូមិរហូតដល់រូបលោកបានលាចាក លោកយើងនេះទៅ គួរឲ្យសោកស្តាយជាទីបំផុត។

នាឱកាសនោះលោក ម៉ៅ ធនិន ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្ត បានឧបត្ថម្ភថវិកា និងសម្ភារមួយចំនួន ទុកចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕