(មណ្ឌលគិរី)៖ តាមរយៈខ្សែវីដេអូឃ្លីបរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ស្ដីពីការការពារ និងអភិរក្សសត្វព្រៃ ត្រូវបានចាក់បញ្ចាំងជាកុនខ្នាតតូច ក្នុងគោលបំណងអប់រំ និងផ្សព្វផ្សាយ ជូនដល់ប្រជាសហគមន៍ និងប្រជាពលរដ្ឋទូទៅ សំដៅលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍សត្វព្រៃ ក្នុងវិស័យទេសចរណ៍ និងក្នុងប្រព័ន្ធអេកូឡូស៊ី ដែលមិនអាចខ្វះបានសម្រាប់មនុស្សជាតិ។

បើតាមការឲ្យដឹងពី កញ្ញា អ៊ុន ចន្ធី អនុប្រធានការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ការចាក់បញ្ចាំងជាវីដេអូឃ្លីបស្ដីពីការការពារ និងអភិរក្សសត្វព្រៃ ក្នុងន័យអប់រំ និងផ្សព្វផ្សាយចំណេះបរិស្ថាននេះ ធ្វើឡើងចាប់ ពីល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយមានកិច្ចសហការគាំទ្រពីអង្គការ WWF និងអាជ្ញាធរមូលដ្ឋាន ហើយមានអ្នកចូលរួមទស្សនាប្រមាណជា ៧០នាក់។

កញ្ញា អ៊ុន ចន្ធី បានឲ្យដឹងទៀតថា ដោយមានការគាំទ្រពីអង្គការ WWF និងការចង្អុលបង្ហាញពីលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ព្រមទាំងអាជ្ញាធរមូលដ្ឋាន ទើបក្រុមការងារការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន នៃមន្ទីរបរិស្ថានខេត្ត បានបង្កើតជាវីដេអូឃ្លីបនេះឡើង ដើម្បីយកមកចាក់បញ្ចាំងជូនដល់ប្រជាពលរដ្ឋនៅក្នុងភូមិស្រែហ៊ុយ ឲ្យបានយល់ដឹងអំពីអត្ថប្រយោជន៍សត្វព្រៃ និងការបញ្ឈប់សកម្មភាពបរបាញ់ ឬដាក់អន្ទាក់សត្វព្រៃ ការបំពុល ព្រមទាំងការបញ្ឈប់បរិភោគសាច់សត្វព្រៃជាអាហារជាដើម។

កញ្ញា អ៊ុន ចន្ធី បានបន្តថា អ្នកទស្សនាវីដេអូឃ្លីបនេះ បានចូលរួមឆ្លើយសំណួរយ៉ាងផុលផុស ស្ដីពីការយល់ដឹងទៅលើអត្ថប្រយោជន៍សត្វព្រៃ និងការឡើងបរិយាយអំពីប្រវត្តិនៃការបាត់បង់សត្វព្រៃ ព្រមទាំងកត្តាប្រឈមរបស់សត្វព្រៃនាពេលបច្ចុប្បន្ន។

កញ្ញា អ៊ុន ចន្ធី បានសង្កត់ធ្ងន់ថា ទិសដៅរបស់ក្រុមការងារ នឹងបន្តការងារអប់រំ និងផ្សព្វផ្សាយនេះទៅកាន់គោលដៅនៃភូមិមួយចំនួនទៀត នៅក្នុងខេត្តមណ្ឌលគិរី ដែលទទួលរងនូវការបរបាញ់ និងការដាក់អន្ទាក់សត្វព្រៃ ដើម្បីរួមចំណែកការពារនិងអភិរក្សសត្វព្រៃ ដែលនៅសេសសល់នាពេលបច្ចុប្បន្ននេះ បន្តទៀត។

បើតាមកញ្ញា អ៊ុន ចន្ធី បានអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំបរិភោគសាច់សត្វព្រៃជាអាហារ និងសូមចូលរួមការពារសត្វព្រៃទាំងអស់គ្នា។

សូមបញ្ជាក់ថា បច្ចុប្បន្នសត្វព្រៃប្រភេទមានដោយកម្រ និងជិតផុតពូជ បានបាត់បង់គួរឲ្យកត់សម្គាល់ ដោយសារការបរបាញ់ និងការដាក់អន្ទាក់ពីសំណាក់ព្រានព្រៃ។ កត្តាប្រឈមនៃការបាត់បង់សត្វព្រៃនេះ មន្រ្តីឧទ្យានុរក្សបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការដើរល្បាតដើម្បីដោះអន្ទាក់ និងទប់ស្កាត់ការបរបាញ់សត្វព្រៃ នៅក្នុងតំបន់ការពារធនធានធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី៕