(ស្វាយរៀង)៖ មន្ត្រីជាន់ខ្ពស់សាលាខេត្តស្វាយរៀង បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ ឲ្យដឹងថា ចំពោះរថយន្តដឹកអេតចាយដឹកបំផ្លាញផ្លូវ នៅក្នុងស្រុកស្វាយជ្រំ ឥឡូវនេះមានការបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកអភិបាលខេត្ត តម្រូវឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលមានក្រុមបច្ចេកទេសពិនិត្យយានយន្ត ចុះអនុវត្តច្បាប់ទៅលើរថយន្តដឹកអេតចាយតាមច្បាប់កំណត់។

មូលហេតុនេះការចាត់វិធានការក្តៅនេះ ដោយសារកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ប្រជាពលរដ្ឋបានរិះគន់ថា ផ្លូវជាច្រើនខ្សែក្នុងស្រុកស្វាយជ្រំ ឆ្ពោះមកកាន់ច្រកតំបន់ក្រសាំងជ្រំ ជាប់នឹងព្រំដែនវៀតណាមនោះ កំពុងតែត្រូវបំផ្លាញខូចស្ទើរតែទាំងស្រុង បង្កើតថ្លុកធំៗមានទឹកដក់ ខណៈដែលមានរថយន្តធុនយក្ស ដឹកដែកអេតចាយជាច្រើនគ្រឿងក្នុងមួយថ្ងៃៗ។ រថយន្តទាំងនោះ ត្រូវបានគេសង្ស័យថា មានការបង់លុយឲ្យសមត្ថកិច្ចជំនាញអស់ហើយ ទើបក្រុមក្បួនរថយន្តដឹកអេតចាយទាំងនោះ ដឹកបានយ៉ាងរលួនយ៉ាងដូច្នេះ។

មន្ត្រីរូបនេះ បានថ្លែងបញ្ជាក់ថា ក្រុមបច្ចេកទេសនឹងចាត់វិធានការតាម ៣ដំណាក់កាល រួមមាន៖ ទី១-តម្រូវឲ្យក្រុមកាងាពិនិត្យច្ចេកទេសយានយន្ត ចុះផាកពិន័យទៅលើរថយន្តល្មើស ដើម្បីបង់ថវិការជូនរដ្ឋ, ទី២-ដាក់បារាស់កម្រិតទម្ងន់ឲ្យបានត្រឹមត្រូវ ចៀសវាងដឹកលើសទម្ងន់, និងទី-ក្រមការងារបច្ចេកទេសពិនិត្យយានយន្ត ត្រូវទៅនៅដើមទីនៅឃុំក្រោលគោស្រុកស្វាយជ្រំ ជិតព្រំប្រទល់ព្រៃវែង និងស្វាយរៀង កុំឲ្យមានរថយន្តបើកវាងផ្លូវតទៅទៀត។

មន្ត្រីដដែលបានបញ្ជាក់បន្តថា លោកអភិបាលខេត្តក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត មិនដែលព្រងើយកន្តើយចំពោះរថយន្តដឹកលើសទម្ងន់នោះទេ គឺតែងតែដាស់តឿនដល់មន្ត្រីជំនាញ ឲ្យចុះពិនិត្យជាប្រចាំ ហើយខេត្តបានបង្កើតគណៈកម្មាការចម្រុះមួយក្រុម ក្នុងការត្រួតពិនិត្យរថយន្តដឹកលើសទម្ងន់ ចាប់យកមកកាត់ទ្រុងបានរាប់សិបគ្រឿង នាពេលកន្លងមក ដើម្បីកុំមានដឹកលើសទម្ងន់ នៅលើផ្លូវតទៅទៀត។

គួរបញ្ជាក់ដែរថា បើតាមប្រជាពលរដ្ឋរស់នៅតំបន់នោះ កាលពីថ្ងៃទី២៤​ ខែសីហា ឆ្នាំ២០១៨ តាមរយៈភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងថា កន្លងមកផ្លូវមកកាន់ច្រកតំបន់នេះ មានភាពល្អប្រសើរ ងាយស្រួលក្នុងការធ្វើដំណើរ ទាំងដឹកកសិផលមកកាន់ទីផ្សារ ប៉ុន្តែមួយរយៈ គេនេះសង្កេតឃើញមានការដឹកអេតចាយពីសំណាក់ក្បួនរថយន្តដឹកដែកអេតចាយ សម្រុកទាំងយប់ទាំងថ្ងៃ មិនខ្វល់ពីការខូចផ្លូវនោះឡើយ សំខាន់ឲ្យតែដឹកបានទៅប្រសើរហើយ។

ប្រជាពលរដ្ឋរស់នៅតំបន់នោះ បានសំណូមពរដល់ស្ថាប័នជំនាញទាំងអស់ ដែលមានការពាក់ព័ន្ធ សូមមេត្តាជួយចុះមកមើលផ្លូវមួយនេះផង បើមិនដូច្នេះទេ ផ្លូវមកកាន់ច្រកតំបន់ក្រសាំងជ្រំនេះ កុំថាឡើយជិះម៉ូតូ សូម្បីតែជិះកង់មិនរួចផង។

ពលរដ្ឋលើកឡើងបន្តទៀតថា រាល់ការដឹករបស់ក្រុមរថយន្តធុនយក្សនោះ បើសិនមានការថ្លឹងត្រឹមត្រូវ វាមិនអីនោះទេ ប៉ុន្តែការដឹករបស់ពួកគាត់ មើលទៅហាក់បីដូចមិនធម្មតា ពោលគឺរថយន្តមានបណ្តោយវែងដាក់ខ្ពស់ ផុតដំបូលជិត២ម៉ែត្រឯនោះ ហើយមានធ្លាក់ដែកអេតចាយ ទុកបន្សល់ឲ្យអ្នកបើកឡាន ម៉ូតូ កង់ឆ្លងកាត់ និងកិនពីលើលេងបែកផងដែរ។

ហើយតាមប្រភពពីមន្ត្រីប្រចាំនៅច្រកនេះ បានឲ្យដឹងដែរថា រថយន្តធុនយក្សទាំងនោះ បានសម្រុកមកតាមច្រកតំបន់ក្រសាំងជ្រំនេះ បាន២ថ្ងៃហើយ ដើម្បីសាងទំនិញពីដីខ្មែរ ចូលដីវៀតណាម ហើយក្រុមរថយន្តដឹកអេតចាយទាំងអស់នោះ បានបង់ឲ្យសមត្ថកិច្ចជំនាញទាំងអស់ ក្នុងនោះមានប៉ូលីសការពារព្រំដែនក្រសាំងជ្រំ ចំនួន១៥,០០០រៀល យោធាការពារព្រំដែន និងកាំងកុងត្រូលចំនួន៥ម៉ឺនរៀល សម្រាប់បាយទឹក ហើយចំពោះខាងគយវិញ ក៏មានបង់ផងដែរ ប៉ុន្តែមិនដឹងថាចំនួនប៉ុន្មាននោះទេ៕