(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដា្រចារ្យ ម៉ម ប៊ុនហេង បានស្នើដល់ UNOPS (អង្គការសហប្រជាជាតិ ការិយាល័យសេវាកម្ម) ជួយសាងសង់ និងកែលម្អគុណភាពមន្ទីរពេទ្យមិត្ដភាពខខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី ) ដើម្បីបំពេញតំរូវការព្យាបាលជំងឺជូនប្រជាជាពលរដ្ឋ ។

ការថ្លែងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសទទួលជួបសម្ដែងការ គួរសម និងពិភាក្សាការងារ ជាមួយលោក Hubert Staberhofer (ហ៊ូប៊ីត ស្ដាប៊័រហ្វហ្វើ) នាយកការិយាល័យប្រតិបត្ដិការប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នាទីស្ដីក្រសួងសុខាភិបាល។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ «បច្ចុប្បន្ននេះ ប្រជាពលរដ្ឋយើងបានមកទទួលយកសេវាព្យាបាលរបស់មន្ទីរពេទ្យរដ្ឋកាន់តែច្រើន ដែលជាហេតុដែលធ្វើឲ្យមន្ទីរពេទ្យរបស់យើង ជួបនឹងការខ្វះខាតកាន់តែច្រើន តួយ៉ាងដូចជា មន្ទីរពេទ្យ មិត្ដភាពខ្មែរ-សូវៀតជាដើម។ បច្ចុប្បន្ននេះ មន្ទីរពេទ្យមួយនេះ គឺមានអ្នកជំងឺជាច្រើនរយនាក់ក្នុងមួយថ្ងៃៗ។ សម្រាប់គ្រែសម្រាកព្យាបាលអ្នកជំងឺវិញ មានត្រឹមតែ៨៥០គ្រែ ដូចនេះយើងត្រូវការពង្រីកបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទៅតាមតំរូវការរបស់ប្រជាពលរដ្ឋយើង»។

ជាការឆ្លើយតប លោក Hubert Staberhofer បានថ្លែងថា លោកស្វាគមន៍ជានិច្ច ហើយលោកនឹងបញ្ជូនអ្នកជំនាញការមកសិក្សា ពីតំរូវការចាំបាច់របស់មន្ទីរពេទ្យ ដើម្បីខាង UNOPS ជួយទៅតាមការស្នើសុំនេះ។លើសពីនោះ លោកក៏ស្វាមគន៍ចំពោះការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ នីតិការទី៦ថ្មីៗនេះ ហើយលោកនឹងបន្ដពង្រឹង និងពង្រីក ទំនាក់ទំនងកិច្ចសហប្រតិបត្ដិការ ជាមួយកម្ពុជាកាន់តែជិតស្និទបន្ថែមទៀត ។​

សូមជម្រាបថា គម្រោងជួសជុល និងសាងសង់ខាងលើនេះ ត្រូវបានអនុវត្តផ្ទាល់ដោយ UNOPS ក្រោមជំនួយហិរញ្ញវត្ថុរបស់រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ដើម្បីធ្វើការកែលម្អ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងផ្គត់ផ្គង់សម្ភារបរិក្ខារពេទ្យ សម្រាប់បង្កើនសមត្ថភាពផ្តល់សេវារបស់មនី្ទរពេទ្យឲ្យកាន់តែប្រសើរឡើងថែមទៀត។ កន្លងមក UNOPS ធ្លាប់បានជួបពិភាក្សាជាមួយភាគីមនី្ទរពេទ្យចំនួនបីដងរួចមកហើយ ដែលចុងក្រោយនេះ ភាគីទាំងពីរបានឯកភាពលើការបង្កើតមជ្ឈមណ្ឌល Trauma and Emergency Centre ហើយភាគីខាងមនី្ទរពេទ្យ ក៏បានផ្ញើ Proposal ស្តីពីការបង្កើតមជ្ឈមណ្ឌលនេះ ទៅ UNOPS រួចហើយ ៕