(ព្រះសីហនុ)​៖ ​ជនជាតិចិនដីគោក និងតៃវ៉ាន់ចំនួន១៨នាក់ ដែលធ្វើសកម្មភាពជំរិតទារប្រាក់តាមអ៊ីនធឺណិត នៅក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវ និងបង្ក្រាបបាន។

ក្រុមប្រតិបត្តិការស៊ើបអង្កេត និង អនុវត្តនីតិវិធី នៃអគ្គនាយកអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ​បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដឹកនាំដោយលោក គៀង សុន្ទរោ ព្រះរាជ អាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ បានចុះធ្វើការឆែកឆេរទីតាំងវីឡាគ្មានលេខមួយកន្លែងស្ថិតនៅក្រុម​ទី៤៤ ភូមិទី៥ ផ្លូវលេខ៨១០ ក្រុងពះសីហនុ ខេត្តព្រះសីហនុ នាវេលាម៉ោង០១៖៣០នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ដោយឃាត់ជនជាតិចិនចំនួន១៨នាក់ ពាក់ព័ន្ធជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណេត ​(VOIP)​។

មន្ត្រីនគរបាល បានឲ្យដឹងថា​ ក្រុមប្រតិបត្តិការនេះ ដឹកនាំដោយនាយឧត្តមសេនីយ៍ ឃុន​ សំបូរ​ អគ្គនាយករង​ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារស៊ើបអង្កេត និងអនុវត្តនីតិវិធី ប្រចាំខេត្តព្រះសីហនុ​ បានសហការជាមួយនគរបាលខេត្ត និងស្ថាប័នតុលាការខេត្ត​ទទួលលទ្ធផលដោយ​បង្ក្រាបជនជាតិចិនបានចំនួន​១៨នាក់ប្រុស (ក្នុងនោះចិនតៃវ៉ាន់២នាក់), ឡេបថប៣៥គ្រឿង, ទូរស័ព្ទដៃ​៤៤​គ្រឿង,លិខិតឆ្លងដែនចំនួន​១៣ក្បាល។

ចំណែកម្ចាស់ផ្ទះឈ្មោះ ឌឿន ប៊ុនថាន អាយុ៥៦ឆ្នាំ ជាបុគ្គលិក កំពង់ផែស្វ័យតក្រុងព្រះសីហនុ។

មន្ត្រីនគរបាលបានបន្តថា​ ជនជាតិចិនទាំង១៨នាក់ខាងលើ​ ត្រូវបានកម្លាំងមានសមត្ថកិច្ចដឹកជញ្ជូនមក រាជធានីភ្នំពេញទាំងយប់​ ដើម្បីយកមកសាកសួរនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍​បន្តនីតិវិធី​​៕​