(ភ្នំពេញ)៖ ក្រោយពេលបញ្ចប់ការសាងសង់វិមានឈ្នះ-ឈ្នះ នៅរាជធានីភ្នំពេញហើយនោះ រាជរដ្ឋាភិបាលកម្ពុជានឹងកសាងស្តូបឈ្នះ-ឈ្នះនៅទីតាំងអនុស្សាវរីយ៍ចំនួន៣ទៀត គឺនៅខេត្តកំពង់ស្ពឺ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងនៅស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ ហើយនឹងត្រូវកសាងនៅតាមបណ្ដាខេត្តនានាជាបន្តបន្ទាប់ទៀត។

នេះជាការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ នាយខុទ្ទកាល័យសម្ដេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិ ក្នុងឱកាសចូលរួមជាមួយលោកបណ្ឌិត ជូ ច័ន្ទដារី អគ្គលេខាធិការរងនៃរាជបណ្ឌិត្យសភា ក្នុងពិធីបាឋកថាស្ដីពី វិមានឈ្ន-ឈ្នះ សមូហកម្មនៃសន្តិភាព ការអភិវឌ្ឍ និងស្ថាបត្យកម្មខ្មែរ នាយុគសម័យបច្ចេកវិទ្យា នៅរាជបណ្ឌិត្យសភា នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់ពីមូលហេតុដែលនាំមានគម្រោងកសាងស្តូបឈ្នះ-ឈ្នះ ដោយសារនៅតាមតំបន់ទាំងនោះមានអនុស្សាវរីយ៍ជ្រាលជ្រៅ ដូចជា៖ ទី១.នៅខេត្តកំពង់ស្ពឺ ជាកន្លែងអនុស្សាវរីយ៍អនុវត្តនយោបាយឈ្នះ-ឈ្នះលើកដំបូង ដោយសម្ដេចតេជោ ហ៊ុន សែន បានចូលទៅចរចាជាមួយមេដឹកនាំខ្មែរក្រហមនៅតំបន់ឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ, ទី២.នៅស្រុកម៉ាឡៃ នៃខេត្តបន្ទាយមានជ័យ ដែលនៅទីនោះសម្ដេចតេជោ ហ៊ុន សែន បានបន្តអនុវត្តនយោបាយឈ្នះ-ឈ្នះ ក្នុងពេលចរចាជាមួយខ្មែរក្រហមនៅតំបន់ម៉ាឡៃ សំឡត ប៉ៃលិនជាដើម និងទីតាំងទី៣.នៅស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ ដែលជាតំបន់ចុងក្រោយបំផុតរបស់ខ្មែរក្រហម។

លោកបានបន្តថា សម្រាប់ខេត្តនានាដទៃទៀតក៏ត្រូវសាងសង់ស្តូបឈ្នះ-ឈ្នះនេះដែរ ដែលការងារនឹងត្រូវធ្វើឡើង បន្ទាប់ពីស្ដូបនៅតំបន់ទាំង៣ខាងលើត្រូវបានបញ្ចប់រួចរាល់។ ចំពោះទម្រង់របស់ស្ដូបឈ្នះ-ឈ្នះ ដែលនឹងត្រូវកសាងនៅពេលបន្ទាប់នោះ ក៏ត្រូវយកតាមទម្រង់ដើមរបស់វិមានឈ្នះ-ឈ្នះ នៅរាជធានីភ្នំពេញនេះដែរ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់ទថា ពាក្យពេញរបស់វិមានឈ្នះ-ឈ្នះនេះគឺ «វិមានអនុស្សាវរីយ៍នៃការបញ្ចប់សង្គ្រាមស៊ីវិល និងទទួលបានសន្តិភាពពេញលេញដោយនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន»