(បន្ទាយមានជ័យ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោកអភិបាលរងខេត្ត និងសហការី នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ បានទៅពិនិត្យដំណាំស្រូវ ដែលទទួលរងនូវផលប៉ះពាល់ដោយគ្រោះរាំងស្ងួត នៅភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងពិភាក្សាស្វែងរកដំណោះស្រាយ។

តាមរបាយការណ៍របស់មន្ទីរកសិកម្មបន្ទាយមានជ័យ បានឲ្យដឹងថា ផ្ទៃដីស្រូវចំនួន ៥៤៦៩ហិចតា មានស្រូវស្រាលដើមរដូវ ស្រូវកណ្តាល និងស្រូវធ្ងន់ ត្រូវបានប៉ះពាល់ដោយគ្រោះរាំងស្ងួត និងផ្ទៃដីចំនួនជាង ៨០០០ហិចតា បានជួបនឹងគ្រោះទឹកជំនន់។ របាយការណ៍ដដែល បានឲ្យដឹងទៀតថា បច្ចុប្បន្នមានភ្លៀងធ្លាក់ដោយកន្លែង ដែលអាចជួយសង្គ្រោះស្រូវបានមួយចំនួនធំ។ ដោយឡែកទឹកជំនន់ ក៏បានស្រកចុះទៅរក ស្ថានភាពប្រក្រតីវិញហើយ។

នាឱកាសនេះ លោក សុខ ពុទ្ធិវុធ បានថ្លែងរំលែកទុក្ខលំបាករបស់កសិករ ដោយសារគ្រោះធម្មជាតិនេះ និងលើកទឹកចិត្តដល់កសិករ ឲ្យខិតខំជំនះឲ្យបាននូវរាល់បញ្ហា ហើយសហព័ន្ធស្រូវអង្ករកម្ពុជានឹងចូលរួមសហការជាមួយក្រសួងកសិកម្ម និងអាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីរិះរកគ្រប់មធ្យោបាយ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន។

នៅចំពោះមុខប្រជាពលរដ្ឋជាង១៥០ នាក់ដែលជាម្ចាស់ស្រែ លោករដ្ឋមន្រ្តីបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា ដែលសម្តេចទាំងពីរសូមជួយចែករំលែក នូវសេចក្តីទុក្ខលំបាករបស់ប្រជា ពលរដ្ឋដែលបានទទួលរងនូវគ្រោះទឹកជំនន់ និងគ្រោះរាំង ស្ងួតនៅទូទាំងខេត្តបន្ទាយមានជ័យ និងជាពិសេសប្រជា ពលរដ្ឋស្រុកភ្នំស្រុក ហើយ សម្តេចបានជូនពរ និងបន់ស្រន់ឲ្យពលរដ្ឋរងគ្រោះគ្រប់ៗគ្រួសារបានឆ្លងផុត នូវគ្រោះធម្មជាតិនេះឲ្យឆាប់នាពេលខាងមុខ។

លោក វេង សាខុ​ន បានឲ្យដឹងបន្តថា ចំពោះបញ្ហានេះ ជាជំហានដំបូងលោកសុំឲ្យមន្ទីរធនធានទឹក និងឧតុនិយម សហការជាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្វែងរកប្រភពទឹក និងប្រឹងប្រែងឲ្យអស់លទ្ធភាពធ្វើការបូម បាចជួយសង្គ្រោះសន្ទូងតាមលទ្ធភាព។

លោករដ្ឋមន្ត្រី បានណែនាំអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវចុះស្រង់ស្ថិតិ និងវាយតម្លៃ ពីផលប៉ះពាល់ រួចត្រៀមស្រូវពូជ ពូជដំណាំទុកចែកជូនពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដើម្បីស្តារផលិតកម្មកសិកម្មឡើងវិញ។ អគ្គនាយកដ្ឋាន ចុះសិក្សាពីស្ថានភាពភូមិសាស្រ្តឲ្យបានច្បាស់លាស់ ប្រយោជន៍ពិនិត្យលទ្ធភាព ប្តូរផលិតកម្មស្រូវទៅជាផលិតកម្មដំណាំកសិឧស្សាហកម្ម ឬដំណាំរួមផ្សំផ្សេងៗទៀត ដែលប្រើប្រាស់ទឹកតិច និងមានអាយុកាលផលិតកម្មខ្លី។

លោកបន្តថា ក្រៅពីដំណាំស្រូវ ប្រជាពលរដ្ឋ ត្រូវចិញ្ចឹមសត្វដែលជាប្រភពចំណូល ក្នុងគ្រួសារផងដែរ៕