(វៀតណាម)៖ គណៈប្រតិភូធនាគារជាតិនៃកម្ពុជា ដែលដឹកនាំដោយលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងគណៈប្រតិភូធនាគាររដ្ឋវៀតណាម ដឹកនាំដោយលោក Le Minh Hung ទេសាភិបាល ធនាគាររដ្ឋវៀតណាម បានជួបប្រជុំទ្វេភាគី នៅប្រទេសវៀតណាម។

ជំនួបទ្វេភាគីនេះ ត្រូវបានរៀបចំឡើងប្រចាំឆ្នាំ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពរវាងធនាគារកណ្តាលទាំងពីរ សំដៅរួមចំណែកដល់ការអភិវឌ្ឍវិស័យធនាគារ ក៏ដូចជាសេដ្ឋកិច្ចក្នុងប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

កិច្ចប្រជុំបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងផ្លែផ្កាដោយថ្នាក់ដឹកនាំ ធនាគារកណ្តាលទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់លើស្ថានភាពសេដ្ឋកិច្ច និងធនាគារនៃប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ នារយៈពេលមួយឆ្នាំកន្លងទៅ។

ក្រោមអនុស្សរណយោគយល់ ដែលបានធ្វើបច្ចុប្បន្នកម្មកាលពីខែកុម្ភៈ ឆ្នាំ២០១៧ កិច្ចសហប្រតិបត្តិការ នៃធនាគារកណ្តាលទាំងពីរ បានពង្រីកវិសាលភាព ដើម្បីបង្កើនការផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានទៅវិញទៅមកពង្រឹងកិច្ចសហការលើការងាររួមគ្នា ដូចជាទៅលើការត្រួតពិនិត្យលើធនាគារ ដែលមានប្រតិបត្តិការឆ្លងដែនក្នុងប្រទេសទាំងពីរ និងការអភិវឌ្ឍតភ្ជាប់ប្រព័ន្ធទូរទាត់ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស។

បច្ចុប្បន្នប្រព័ន្ធធនាគារកម្ពុជា មានសាខាធនាគារវៀតណាមចំនួន៥ ដែលកំពុងធ្វើប្រតិបត្តិការ ហើយបានរួមចំណែកផ្តល់ប្រភពទុនដល់ ការវិនិយោគដល់សេដ្ឋកិច្ចកម្ពុជា។ លើសពីនេះអង្គប្រជុំក៏បានកំណត់ទិសដៅអាទិភាពនៃការពង្រឹង
និងពង្រីកកិច្ចសហប្រតិបត្តិការ ជាប្រពៃណីលើផ្នែកមួយចំនួនជាពិសេសទាក់ទង ទៅនឹងការបន្តផ្លាស់ប្តូរបទពិសោធន៍អំពីការងារស្នូល ក្នុងនោះរួមមាន ៖

១៖ ការគ្រប់គ្រងគោលនយោបាយរូបិយវត្ថុ និងការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ។ ២៖ ការរីកចម្រើន និងការគ្រប់គ្រងបច្ចេកវិទ្យាហិរញ្ញវត្ថុ។
៣៖ ការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងការរួមចំណែកកាត់បន្ថយភាពក្រីក្រ
៤៖ ការពង្រឹងការត្រួតពិនិត្យធនាគារ។

ម៉្យាងទៀតធនាគាររដ្ឋវៀតណាម ក៏បន្តបង្កើនការផ្តល់អាហារូបករណ៍ ដល់មន្ត្រីធនាគារជាតិនៃកម្ពុជា សម្រាប់ការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសវៀតណាមថែមទៀតផងដែរ៕