(ចិន)៖ ក្រុមហ៊ុនចិនដឹកជញ្ជូនតាមមហាសមុទ្រ ខូសខូ (COSCO) បានទិញភាគហ៊ុនមួយភាគធំរបស់កំពង់ផែសមុទ្រ ដ៏ធំបំផុតរបស់ប្រទេសអេស្ប៉ាញ ឈ្មោះថា ណូអាធឹម (Noatum)។

ក្រុមហ៊ុនកំពង់ផែនេះ គ្រប់គ្រងកំពង់ផែសមុទ្រចំនួនពីរនៅទីក្រុងវ៉ាលែនស្យ៉ា (Valencia) និង ទីក្រុងបីលបាវ (Bilbao) ព្រមទាំងកំពង់ផែស្ងួតនៅក្រុង ហ្សារ៉ាហ្គោហ្សា (Zaragoza) និងក្រុងម៉ាឌ្រីត (Madrid) ផងដែរ។

ជិតពាក់កណ្តាលនៃលំហូរទំនិញ ដែលឆ្លងកាត់កំពង់ផែវ៉ាលែនស្យ៉ា ត្រូវបានដឹកមកពី ឬឆ្ពោះទៅកាន់ប៉ែកខាងចុងនៃតំបន់ខាងកើត។ ក្នុងនោះ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កំពង់ផែនេះ។

នាយកប្រតិបត្តិក្រុមហ៊ុនកំពង់ផែ ណូអាធឹម លោក ស៊ុន ខាយ និយាយថា ទីតាំងភូមិសាស្ត្រជាយុទ្ធសាស្ត្ររបស់កំពង់ផែ សមត្ថភាពទទួលទំនិញ និងប្រព័ន្ធប្រតិបត្តិការដ៏ទំនើបរបស់កំពង់ផែ ជួយឱ្យកំពង់ផែនេះអាចក្លាយខ្លួន ទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់សម្រាប់តំបន់នេះ។

លោក ស៊ុន ខាយ នាយកប្រតិបត្តិ ក្រុមហ៊ុនកំពង់ផែ ណូអាធឹម និយាយថា «កំពង់ផែវ៉ាលែនស្យ៉ា បានជាប់ចំណាត់ថ្នាក់លេខមួយ នៅតំបន់មេឌីទែររ៉ាណេ លេខ៥នៅទ្វីបអ៊ឺរ៉ុប និងលេខ២៩ក្នុងពិភពលោក។ បើគិតទៅលើចំនួនទំនិញដែលដឹកចេញ ចូលទីនេះចំនួន៤,៨៣០,០០០មុខកាលពីឆ្នាំ២០១៧ ទីក្រុងវ៉ាលែនស្យ៉ា គឺជាច្រកសមុទ្រដ៏សាកសមសម្រាប់ឧបទ្វីប អាយប៊ីរី។ ទីក្រុងនេះក៏តភ្ជាប់ជាមួយនឹងចំណុចកណ្តាល នៃប្រទេសអេស្ប៉ាញដែរ ដែលជាហេតុធ្វើឱ្យទីនេះសាកសមនឹង ធ្វើជាកំពង់ផែធម្មជាតិ សម្រាប់តំបន់ម៉ាឌ្រីតតែម្តង»

ក្រុមហ៊ុន ខូសខូ (COSCO) ក៏គ្រប់គ្រងកំពង់ផែបីលបាវដែរ ដែលជាច្រកចូលទៅកាន់ទ្វីបអ៊ឺរ៉ុប សម្រាប់កាប៉ាល់ដែលធ្វើដំណើរឆ្លងកាត់ មហាសមុទ្រអាត្លង់ទិកប៉ែកខាងជើង។

អ្នកគ្រប់គ្រងទូទៅកំពង់ផែណូអាធឹម នៅក្រុងបីលបាវ និយាយថាកំពង់ផែនេះ តែងតែអភិវឌ្ឍខ្លួនឥតឈប់ឈរ ហើយប្រទេសចិនស្ថិតក្នុងចំណោមទីផ្សារសំខាន់ៗទាំង១២របស់កំពង់ផែនេះ។

អ្នកនាង អ៊ែលវីរ៉ា ហ្កាលីហ្គោ អ្នកគ្រប់គ្រងទូទៅ កំពង់ផែណូអាធឹម ក្រុងបីលបាវ និយាយថា «វាជាឱកាសដ៏ធំសម្រាប់ពួកយើង ដែលត្រូវតភ្ជាប់ប្រទេសចិន ជាមួយទីក្រុងបីលបាវ។ ខ្ញុំគិតថាគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ គឺដូចជាប្រទេសដ៏ធំមួយអញ្ជឹង។ ខ្ញុំយល់ថាប្រទេសចិន កំពុងបើកចំហរទីផ្សារសម្រាប់ទ្វីបអឺរ៉ុប។ ចិនកំពុងបើកចំហរវប្បធម៌ និងមធ្យោបាយសម្រាប់ផ្សារភ្ជាប់អាជីវករទាំងឡាយ។ ខ្ញុំគិតថាទំនោរនេះគឺជារឿងល្អ ហើយពួកយើងត្រូវតែចូលរួមជាមួយប្រទេសចិន»

លោក ហ្វ្រង់សេស សានឆេ អ្នកគ្រប់គ្រងទូទៅ អាជ្ញាធរកំពង់ផែវ៉ាលែនស្យ៉ា និយាយថា «ឥឡូវនេះដោយសារតែយើងមានគំនិតផ្តួចផ្តើមនេះ ខ្ញុំយល់ថាវាជាឱកាសដ៏ល្អសម្រាប់ ឱ្យក្រុមហ៊ុនចិនទាំងឡាយ ចូលមកវិនិយោគនៅប្រទេសអេស្ប៉ាញ ហើយផលិតទំនិញនៅអេស្ប៉ាញ ដោយប្រើបច្ចេកវិទ្យារបស់ប្រទេសចិន ហើយបិទតែមសហភាពអឺរ៉ុបពីលើផលិតផលទាំងនោះ។ ក្រោយមកទៀត គេក៏មានឱកាសចូលទៅក្នុងទីផ្សារថ្មីៗនៅទ្វីបអាមេរិកខាងត្បូង ទ្វីបអាហ្វ្រិក និងទ្វីបអ៊ឺរ៉ុបទៀតផង»

លោក រីកាដូ បាកាឡា គឺជាប្រធានអាជ្ញាធរកំពង់ផែបីលបាវ។ លោកនិយាយថា ការអភិវឌ្ឍកំពង់ផែបីលបាវ បានធ្វើឱ្យកំពង់ផែនេះផ្សារភ្ជាប់ខ្លួនបានកាន់តែល្អ ជាមួយចក្រភពអង់គ្លេស ក៏ដូចជាទ្វីបអ៊ឺរ៉ុបទាំងមូលផងដែរ។

លោក រីកាដូ បាកាឡា ប្រធានអាជ្ញាធរកំពង់ផែបីលបាវ និយាយថា «វាជារឿងសំខាន់ណាស់ សម្រាប់ប្រទេសអេស្ប៉ាញ ពីព្រោះថាអេស្ប៉ាញ ត្រូវដឹកទំនិញឆ្ពោះទៅច្រកមេឌីទែររ៉ាណេ ដើម្បីឆ្ពោះទៅតំបន់នៅប៉ែកខាងស្តាំ ហើយក៏ដឹកទៅចក្រភពអង់គ្លេស ព្រមទាំងទ្វីបអ៊ឺរ៉ុបទាំងមូលតែម្តង»៕ (សារព័ត៌មាន CCTV របស់ចិន)