(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានក្រុមការងារការកសាងផែនថ្នាក់ខេត្ត បានជំរុញដល់មន្ត្រីពាក់ព័ន្ធទាំងអស់ នៅទូទាំងខេត្តត្រូវយកចិត្តទុកដាក់ដោយការ ទទួលខុសត្រូវខ្ពស់ក្នុងការចូលរួម អនុវត្តទៅតាមការណែនាំក្នុងការផ្តល់ព័ត៌មាន បំពេញទម្រង់ផ្សេងៗឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោក សុខ លូ បានថ្លែងបែបនេះ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសលោកបានដឹកនាំ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពី «ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត» ដែលមានការអញ្ជើញចូលរួម ពីលោកអភិបាលក្រុង-ស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត យ៉ាងច្រើនរូបផងដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះលោក សុខ លូ បានលើកឡើងថា ការកសាងកម្មវិធីវិនិយោគ បីឆ្នាំរំកិលខេត្ត (២០១៩-២០២១) នេះ បានកំណត់នូវគោលនយោបាយ ចក្ខុវិស័យ គោលបំណងគោលដៅ និងយុទ្ធសាស្ត្រច្បាស់លាស់ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំកម្មវិធី វិនិយោគជារៀងរាល់ឆ្នាំ។ ដោយអនុវត្តតាមសេចក្តីណែនាំបច្ចេកទេស ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលត្រូវអនុវត្តបីជំហាន គឺជំហានទី១៖ ការប្រមូលធាតុចូល ជំហានទី២៖ ការរៀបចំសេចក្តីព្រាងកម្មវិធីវិនិយោគ និងជំហានទី៣៖ ការពិនិត្យ អនុម័ត និងផ្សព្វផ្សាយកម្មវិធីវិនិយោគ។

លោកបានបន្ថែមទៀតថា ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលនេះ ត្រូវអនុវត្តជាប្រព័ន្ធ គឺការណែនាំផ្សព្វផ្សាយត្រូវអនុវត្ត ពីថ្នាក់ខេត្តទៅថ្នាក់ក្រុង-ស្រុក ហើយថ្នាក់ក្រុង-ស្រុក ត្រូវណែនាំផ្សព្វផ្សាយបន្តទៅថ្នាក់ឃុំ-សង្កាត់។ ប៉ុន្តែសម្រាប់ដំណើរការរៀបចំបំពេញ ទម្រង់នានា ត្រូវចាប់ផ្តើមពីថ្នាក់ឃុំ-សង្កាត់មកមុនដូចនេះ បើសិនជាយឺតយ៉ាវនៅថ្នាក់ណាមួយនោះ នាំឱ្យមានការយឺតយ៉ាវជាប្រព័ន្ធ។ ដូចនេះដើម្បីអោយដំណើរ ការស៊ីសង្វាក់គ្នារវាងថ្នាក់ខេត្ត-ក្រុង-ស្រុក និងឃុំ-សង្កាត់ ការងារដែលត្រូវរៀបចំដំបូងគឺ ការរៀបចំកាលវិភាគការងារទៅតាមជំហាននីមួយៗ ឱ្យបានស្របគ្នា៕