(សៀមរាប)៖ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ បានថ្លែងថា សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប សន្យានឹងប្រគល់ម៉ូតូម្នាក់មួយគ្រឿង ដល់សិស្សដែលប្រឡងបាក់ឌុប ទទួលបាននិទ្ទេស A នៅទូទាំងខេត្តសៀមរាប។

លោក ឃឹម ប៊ុនសុង បានគូសបញ្ជាក់ថា ការប្រគល់ម៉ូតូម្នាក់មួយគ្រឿងនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ មិនកំណត់ចំនួននោះទេ ពោលគឺឲ្យសិស្សប្រឡងជាប់និទ្ទេស A នឹងទទួលបានទាំងអស់តែម្ដង ហើយបានកាន់តែច្រើន កាន់តែល្អ។

ក្នុងពិធីសម្ពោធ​អាគារសិក្សា សាលាវេសហ្គេតអន្តរជាតិ នៅព្រឹកមិញនេះ លោក ឃឹម ប៊ុនសុង បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំ និងសម្ដេចពិជ័យសេនា ជាអ្នកទទួលបន្ទុកខាងឧបត្ថម្ភរង្វាន់ដល់សិស្សដែលប្រឡងជាប់និទ្ទេស A ច្រើនកាលណាកាន់តែល្អ ហើយបានម្នាក់ដឹងតែមួយគ្រឿងតែម្ដង»

បន្ថែមពីនេះ លោកអភិបាលខេត្តសៀមរាប ក៏ជូនពរដល់សិស្សដែលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា ដែលទើបកន្លងផុតទៅនេះ ឲ្យទទួលបានជោគជ័យទាំងអស់ ដើម្បីទទួលបានធនធានល្អ សម្រាប់អនាគតរៀងៗខ្លួន និងសម្រាប់ប្រទេសជាតិទាំងមូល។

សូមជម្រាបថា លទ្ធផល​ប្រឡង​នឹង​ត្រូវ​ប្រកាស​ ​នៅ​តាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល នា​រសៀល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨ និង​នៅ​តាម​​​មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ផ្សេងទៀត នា​​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨ ព្រមទាំង​​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្លូវ​ការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។

ការប្រឡងសម្រាប់ឆ្នាំសិក្សា២០១៨នេះ មាន​​បេក្ខជន​បាន​ចុះឈ្មោះ​​ប្រឡង​​​សរុប​ចំនួន​១១៥,២៦៨នាក់ ស្រី​៥៨,១៥៨ នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន ​១៩៦​​​មណ្ឌល​ ក្នុង​​នោះ​ថ្នាក់​វិទ្យាសាស្ត្រ មាន​៩៩​មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​​សង្គម​មាន​៩៧​មណ្ឌល ត្រូវ​ជា​៤,៦៥៥​​បន្ទប់​ ទូទាំង​ប្រទេស៕​​