(ភ្នំពេញ)៖ ដោយអនុវត្ដតាមបេសកកម្ម ផ្ដល់សេវាកម្មដែលមានភាពរហ័ស សុវត្ថិភាព និងមានងាយស្រួល ដល់អតិថិជន ក្រុមហ៊ុនផ្ដល់សេវាកម្មហិរញ្ញវត្ថុនាំមុខគេ តារាផេ (DaraPay) បានសម្ពោធជាផ្លូវការ នូវសេវាកម្មទូទាត់ប្រាក់ តាមដៃគូពាណិជ្ជករ ដែលហៅថា «ការបូបលុយអេឡិចត្រូនិច តារាផេ» ដើម្បីពាំនាំនូវបច្ចេកវិទ្យាទំនើប ជួយសម្រួលដល់ការទូទាត់ប្រាក់ ជូនដល់ប្រជាជនកម្ពុជា។

ជាមួយការបូបលុយអេឡិចត្រូនិចតារាផេ អតិថិជននឹងអាចធ្វើការបង់ប្រាក់ តាមរយៈទូរស័ព្ទស្មាតហ្វួនងាយបំផុត ដោយគ្រាន់តែធ្វើការស្កេន QR កូដ តាមហាងនីមួយៗ ឬធ្វើការបំពេញព័ត៌មាន លម្អិតរបស់ពាណិជ្ជករ ហើយលើសពីនេះទៅទៀត ពួកគេក៏អាចនឹងអាចទទួលបាន ការបញ្ចុះតម្លៃភ្លាមៗផងដែរ។

អតិថិជនអាចធ្វើការបង់ប្រាក់ ជាមួយនឹងដៃគូពាណិជ្ជកររបស់តារាផេ ដែលមានច្រើនជាង១,០០០ហាង ទូទាំងប្រទេសរួមមាន៖ ភោជនីយដ្ឋាន ហាងលក់ទំនិញ ហាងលក់សម្លៀកបំពាក់ ហាងអេឡិចត្រូនិច ហាងកាហ្វេ ហាងលក់ទំនិញតូចៗ និងហាងជាច្រើនទៀត។ ជាការកត់សម្គាល់ ចំពោះហាងដែលបិទរូបផ្កាយ និងមានអក្សរ «DaraPay Space» គឺសុទ្ធតែជាហាង ដែលទទួលយកការទូទាត់ប្រាក់ តាមរយៈការបូបអេឡិចត្រូនិចតារាផេ ឬ eWallet របស់តារាផេ។

ថ្លែងនៅក្នុងពិធីបើកសម្ពោធ កាបូបអេឡិចត្រូនិចតារាផេ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ លោក ភុក រដ្ឋា នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន តារាផេ បានថ្លែងថា ការអភិវឌ្ឍន៍នៃបច្ចេកវិទ្យា ជាពិសេសនៅក្នុង បច្ចេកវិទ្យាហិរញ្ញវត្ថុ ឬ Fintech បានជះឥទ្ធិពលយ៉ាងខ្លាំង ដល់អាកប្បកិរិយារបស់ប្រជាជនក្នុងការទទួល និងទួទាត់ប្រាក់។

នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន តារាផេ បានបញ្ជាក់ថា ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ឈានមុខ តារាផេ បាននឹងកំពុងតែខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីធ្វើការផ្ដល់សេវាកម្មហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះ សមស្របទៅតាមតម្រូវការ របស់អតិថិជន។

លោក ភុក រដ្ឋា បានលើកឡើងថា «ការបើកសម្ពោធក្នុងថ្ងៃនេះ បានបង្ហាញឲ្យឃើញកាន់តែច្បាស់ មួយកម្រិតទៀតថាបេសកកម្មរបស់យើង គឺធ្វើយ៉ាងណាផ្ដល់ជូននូវសេវាទូទាត់ប្រាក់ ដែលមានសុវត្ថិភាព និងមានភាពងាយស្រួល ដល់អតិថិជនរបស់យើងនៅគ្រប់ស្រទាប់វណ្ណៈ»។

លោក ភុក រដ្ឋា បានបន្ថែមទៀតថា «យើងជឿជាក់ថាយ៉ាងមុតមាំថា កាបូបលុយអេឡិចត្រូនិចតារាផេ នឹងអាចផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន​ ដល់អតិថិជនដែលប្រើប្រាស់សេវាកម្មមួយនេះ។ សម្រាប់អតិថិជនផ្ទាល់ ពួកគេនឹងមិនចាំបាច់យកសាច់ប្រាក់សុទ្ធតាមខ្លួន ឬរង់ចាំវិក្កយប័ត្រទូទាត់ប្រាក់ពីអ្នកលក់ទៀតឡើយ»។

បន្ថែមពីលើនោះ សម្រាប់ពាណិជ្ជករវិញ សេវាកម្មថ្មីនេះ នឹងអាចកាត់បន្ថយបន្ទុកការងាររបស់គាត់ នៅក្នុងការរាប់ និងរក្សាទុកប្រកាសប្រាក់។ យើងមានសុទិដ្ឋឹនិយមថា កាបូបលុយអេឡិច ត្រូនិចតារាផេ (DaraPay's eWallet) នឹងផ្ដល់ជូននូវភាពសុវត្ថិភាពផ្លូវចិត្តដល់អតិថិជនក្នុងការគ្រប់គ្រងសាច់ប្រាក់ និងជួយធ្វើឲ្យប្រតិបត្ដិការទូទាត់ប្រាក់ប្រចាំថ្ងៃរបស់ពួកគេមានភាពងាយស្រួល និងរហ័សជាមុន៕