(បន្ទាយមានជ័យ)៖​ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានជ័យអំពាវនាវ និងក្រើនរំលឹកដល់ម្ចាស់រថយន្តទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីក្រុមចោរលួចរថយន្តផ្ទួនៗ នៅខេត្តបន្ទាយមានជ័យ ដែលមកទាល់ពេលនេះ មិនទាន់បង្ក្រាបបាននៅឡើយ។

លោកវរសេនីយ៍ ខែម សោភ័ណ្ឌ នាយការិយាល័យនគរបានព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ បានថ្លែងថា មានមុខសញ្ញាចាស់១ក្រុម មានគ្នាច្រើន ប្រើរថយន្តជាមធ្យោបាយដឹកបក្ខពួកវា ទៅទម្លាក់ចុះតាមគោលដៅនៅតាមបណ្តោយផ្លូវជាតិផ្លូវខេត្ត ហើយបើមើលឃើញមានរថយន្តតូចម៉ាកតូយ៉ូតាកាមរី បាឡែន ឬរថយន្តតូច រថយន្ត២បាំង​ ឬក៏រថយន្តអីក៏ដោយ ពួកគេនឹងចូលលួចនៅចាប់ពាក់កណ្តាលអាធ្រាត្រដល់ទៀបភ្លឺ។​ មុខសញ្ញាមួយក្រុមនេះ បានលួចរថយន្តចំនួន៣គ្រឿង នៅខេត្តបន្ទាយមានជ័យ និងលួចនៅខេត្តដ៏ទៃទៀត បានមួយចំនួនដែរ តែបង្ក្រាបមិនទាន់បានដូចគ្នា។ ហេតុនេះសមត្ថកិច្ចសូមឱ្យបងប្អូនម្ចាស់រថយន្ត បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងបាត់បង់ខូចខាត។

លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងដែរថា លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានដាក់បញ្ជារតឹងរឹងណាស់ ក្នុងរឿងនេះដើម្បីឱ្យកម្លាំងលោក ឈ្មុសឈ្មុលស្រាវជ្រាវ ទប់ស្កាត់ បង្ក្រាបមុខសញ្ញានេះ។ លោកបន្តថា បើយោងតាមការពិនិត្យកាមេរ៉ាសុវត្ថិភាព ក្រុមចោរទាំងនោះមានគ្នាច្រើននាក់ ហើយបានជិះរថយន្តម៉ាក់តូយ៉ូតា ឡិចស៊ីស ជាមធ្យោបាយ ក្នុងការលួចរថយន្ត។
បើតាមលោកស្នងការរង ករណីនេះចោរលួចបាន៣គ្រឿងរួមមាន៖

*ទី១៖ កាលពីថ្ងៃទី១៥​ ខែសីហា​ ឆ្នាំ២០១៨ ចន្លោះម៉ោង១រំលងអាធ្រាត្រដល់ម៉ោង៨៖៣០នាទីព្រឹក នៅចំណុចមុខវិមានរៀម ក្នុងភូមិ/សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លួចរថយន្ត១គ្រឿង ម៉ាកតូយ៉ូតាកាមរីបាឡែន ពណ៌ទឹកមាសសេរី២០០២ ពាក់ស្លាកលេខ បន្ទាយមានជ័យ2A-5396 ជារបស់ជនរងគ្រោះឈ្មោះ ថាប់ ផាវិន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក មកស្នាក់នៅបណ្តោះអាសន្ន ភូមិ សង្កាត់កើតហេតុ។

*ទី២៖ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១១៖​៣៦នាទី​យប់នាទី លួចរថយន្ត១គ្រឿង ម៉ាកកាមារីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-5154 លេខតួ4T1BE32K22U050366 នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានម្ចាស់ឈ្មោះ មឿង ស៊ីម៉ុល ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបររត់តាក់ស៊ី រស់នៅភូមិកើតហេតុខាងលើ។

*ទី៣៖ កាលពីយប់ថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ២០១៨ ចោរបានកាត់របងផ្ទះចូលមកលួចឡានតូយ៉ូតាកាមរីបាឡែនស៊េរីឆ្នាំ២០០៣ ពាក់ស្លាក លេខ២X ៣៩៤៨ ពណ៍ទឹកមាស របស់ឈ្មោះ ម៉ក់ ការេន ភេទប្រុសអាយុ៤១ឆ្នាំ នៅភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលយកមកលាង នៅកន្លែងរបស់ឈ្មោះ អឹងសំអាត ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិខាងលើ។

ក្នុងនោះក៏នគរបាលខេត្ត​ ក៏បានអំពាវនាវឱ្យបងប្អូនប្រញាប់សហការ រាយការណ៍បន្ទាន់មកនគរបាល បើមានមុខសញ្ញាចោរលួចឡានជាក្រុមទាំងអស់នោះ ដើម្បីសមត្ថកិច្ចរាយបណ្តាក់ ស្ទាក់បណ្តេញបង្ក្រាប៕