(ភ្នំពេញ)៖ ជូនពរកីឡាជឺជិតស៊ូកម្ពុជា ឈ្នះមេដាយ Asian Games! កីឡាការិនីជម្រើសជាតិជឺជិតស៊ូកម្ពុជា ខាន់ ចេសា បានបន្ដដំណើរឡើងដល់វគ្គ ៨នាក់ហើយ (ឬវគ្គ ១/៤ផ្ដាច់ព្រ័ត្រ) បន្ទាប់ពីទទួលបានជ័យជម្នះ ២ប្រកួតផ្ទួនៗ នាព្រឹកថ្ងៃទី២៤ ខែសីហានេះ ក្នុងយុទ្ធនាការប្រកួតកីឡាអាស៊ី Asian Games លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី លើវិញ្ញាសាទម្ងន់ក្រោម ៤៩គីឡូក្រាម។

ខាន់ ចេសា ប្រកួតដំបូង ដោយបានបំបាក់កីឡាការិនីថៃ Boonsorn ដោយលទ្ធផល ១០០-០ពិន្ទុ បន្ទាប់មកកីឡាករិនីកូនកាត់ខ្មែរ-អាមេរិករូបនេះ បានបន្ដឈ្នះគូប្រកួតរបស់ខ្លួន គឺកីឡាការិនីចិន La Yi-Wen ដោយស្វ័ប្រវត្តិ បន្ទាប់ពីកីឡាការិនីចិនរូបនេះ បោះបង់ការប្រកួតក្នុងវគ្គ ១/៨ផ្ដាច់ព្រ័ត្រ។ ដូច្នេះប្រកួតបន្ទាប់ ចេសា គឺត្រូវជួបកីឡាការិនីអ៊ីរ៉ង់ ក្នុងវគ្គ ១/៤ផ្ដាច់ព្រ័ត្រ នាពេលដ៏ខ្លីខាងមុខនេះ ហើយបើឈ្នះមានន័យថា ចេសា នឹងទទួលបានមេដាយសំរឹទ្ធក្នុងដៃ ដើម្បីបន្ដទៅប្រកួតស្វែងរកមេដាយប្រាក់ ឬមេដាយមាសបន្ដ។

ដោយឡែកក្រឡេកមកកីឡាករជឺជិតស៊ូម្នាក់ទៀត គឺលោក ខូវ វិបត្តិថា ក៏កំពុងទទួលបានលទ្ធផលល្អផងដែរ ដោយប្រកួតបើកឆាកវគ្គ ១/១៦ ផ្ដាច់ព្រ័ត្រ បានបំបាក់កីឡាករអារ៉ាប់រួម Alkaabi ដោយលទ្ធផល ១០០-០ពិន្ទុ ដើម្បីឡើងទៅវគ្គ ១/៨ផ្ដាច់ព្រ័ត្រ ដែលនឹងត្រូវជួបកីឡាករទួកមេនីស្ថាន Hojamyradov នាពេលឆាប់ៗខាងមុខ ដើម្បីដណ្ដើមកៅអីវគ្គ ១/៤ បន្ដទៀត។

លោក វ៉ាត់ ចំរើន បានឲ្យដឹងថា ចេសា ធ្វើបានយ៉ាងក្នុងការប្រកួតជាមួយកីឡាការិនីអ៊ីរ៉ង់ Pirhady ដោយបានយកឈ្នះពិន្ទុដាច់ ដូចកាលជួបកីឡាការិនីថៃ កាលពីវគ្គជម្រុះ ១/១៦ផ្ដាច់ព្រ័ត្រដែរ ។ ដូច្នេះ ចេសា ត្រូវបន្ដប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយប្រើរូបមន្ដវិលជុំ ដើម្បីប្រជែងយកមេដាយមាស ប្រាក់ និងសំរឹទ្ធតែម្ដង ពោលគឺបេក្ខភាពម្នាក់ សម្រាប់វគ្គ ១/២ ត្រូវប្រកួតម្នាក់ ៣ប្រកួត ដើម្បីកំណត់ចំណាត់ថ្នាក់ តែមិនមានមេដាយសំរឹទ្ធស្ទួននោះទេ ៕