(ភ្នំពេញ)៖ មន្ត្រីពន្ធនាគាររាជធានីភ្នំពេញ (PJ) បានឲ្យដឹងថា មន្រ្តីយោធាពាក់ស័ក្តិ៤កន្លះ ដែលយកកាំភ្លើងខ្លីវាយក្បាលអ្នកលក់ប្រហិតចៀន នៅខណ្ឌសែនសុខ ត្រូវលោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឲ្យនៅក្រៅពន្ធនាគារជាបណ្តោះអាសន្នហើយ។

លោកចៅក្រម រស់ ពិសិដ្ឋ បានចេញដីកាបង្គាប់ឲ្យពន្ធនាគារដោះលែង ជនត្រូវចោទឈ្មោះ នួន ប៉ូ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរយោធាពាក់ស័ក្តិ៤កន្លះ មានតួនាទីនាយរងការិយាល័យហ្វឹកហ្វឺន នៃកងឯកភាពទីចាត់ការបំភ័ន្តអក្ខរ មានអត្តលេខ ០៥៩០៥១ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។

កាលពីរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ លោកចៅក្រម រស់ ពិសិដ្ឋ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនមន្ត្រីយោធារូបនេះ ដាក់ពន្ធនាគារ បន្ទាប់ពីលោកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការ បើកការស៊ើបសួរ និងចោទប្រកាន់ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ប្រព្រឹត្តលើជនរងគ្រោះ ឈ្មោះ យ៉ែម វណ្ណៈ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ប្រហិតចៀនតាមរទេះ ស្នាក់នៅផ្ទះជួល ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិកំពង់លាវ ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង យោងតាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។ យោងតាមបទចោទប្រកាន់នេះ ជនត្រូវចោទអាចប្រឈមការជាប់គុក ពី២ឆ្នាំ ទៅ៥ឆ្នាំ។

គួររំលឹកថា កម្លាំងនគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ កាលពីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីជនសង្ស័យបានយកអាវុធខ្លីម៉ាក P08 លេខ ៥៨៥៤ វាយក្បាល ជនរងគ្រោះបែក។ មូលហេតុដែលឈានដល់ការប្រើអំពើហិង្សានេះ ផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍ ដោយសារមិត្តភក្តិរបស់ជនសង្ស័យ បើកបររថយន្តម៉ាកកាមេរីបាឡែន ក្រោមស្ថានភាពស្រវឹង ទៅបុក រ៉ឺម៉កប្រហិតរបស់ជនរងគ្រោះ ដែលកើតឡើងនៅចំណុចមុខវត្តសំរោងអណ្តែត តាមផ្លូវបេតុង ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

បន្ទាប់មក ជនសង្ស័យបានជិះរថយន្តម៉ាកព្រូស មកជួយអន្តរាគមន៍ ក៏ត្រូវជនរងគ្រោះ យកដុំថ្មគប់បែកកញ្ចក់រថយន្ត ទើបឈានដល់ការបង្កហិង្សាលើជនរងគ្រោះតែម្តងទៅ៕