(កែប)៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងនគរបាលជាតិ និងលោក កែន សត្ថា អភិបាលខេត្តកែប នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ បានអញ្ជើញប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នៃស្នងការនគរបាលខេត្តកែប។

ស្នងការនគរបាលខេត្តកែបថ្មី គឺលោកឧត្តមសេនីយ៍ត្រី បែន តារា ជំនួសលោកឧត្តមសេនីយ៍ឯក អ៊ឹង សំអុល ដែលត្រូវបានតែងតាំងជា ប្រធាននាយកដ្ឋានកិច្ចការប៉ុស្ដិ៍នគរបាលរដ្ឋបាល នៃក្រសួងមហាផ្ទៃ។

ថ្លែងក្នុងឱកាសនោះ លោក កែន សត្ថា អភិបាលខេត្តកែប បាន​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្លាំងនគរបាលទាំងអស់ ដែលបានចូលរួមថែរក្សា​ សន្តិសុខ សណ្ដាប់ធ្នាប់សារណៈឲ្យបានល្អប្រសើរ ស្ងប់សាត់ មានតម្លាភាព យុត្តិធម៌ គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ គ្មានអំពើហិង្សា ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨កន្លងទៅនេះ។

លោកអភិបាលខេត្ត ក៏បានអបអរសាទរ ដែល​នាយឧត្តសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្នើ​តែងតាំង និងផ្ទេរភារកិច្ច ដល់ការ​លោកស្នងការនគរបាលចាស់ និងថ្មី​ទាំង២រូប ហើយការតែងតាំង និងផ្ទេរភារកិច្ចនាពេលនេះ គឺជាកិច្ចការផ្លាស់ប្តូររដ្ឋបាលធម្មតា តាមកំណែទម្រង់​របស់រាជរដ្ខាភិបាលកម្ពុជា។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល ​បានជំរុញ​​ស្នងការនគរបាលខេត្តកែប ទើបប្រកាសថ្មីត្រូវសិក្សា និងយកគំរូតាមស្នងការចាស់ ហើយត្រូវស្វែងយល់ពីភូមិសាស្ត្រ និងថ្នាក់ក្រោម​តើកងកម្លាំងចង់បានអ្វី ហើយចំពោះថ្នាក់ក្រោមវិញ ក៏ត្រូវស្វែងយល់ និងគោរពថ្នាក់លើរបស់ខ្លួនវិញដែរ ទាំងអស់នេះហើយ សម្រាប់សម្រួលដល់ការងារឲ្យបានជោគជ័យ និងដំណើរការងារដោយរលូន។

យ៉ាងណាមិញ នាយឧត្តមសេនីយ៍អគ្គស្នងការរង ​បាន​ផ្ដាំផ្ញើបន្ថែម ដល់លោកស្នងការថ្មី ចាប់ពីថ្ងៃនេះតទៅ ត្រូវតែបន្ដរក្សាសាមគ្គីភាពផ្ទៃក្នុង ពង្រឹង និងបង្កើតសមត្ថភាពរបស់មន្ដ្រីទាំងអស់ មិនត្រូវប្រកាន់បក្ខពួក ឬក្រុមណាឡើយ គឺត្រូវធ្វើការងាររួមគ្នាជូនប្រជាពលរដ្ឋ ឲ្យស្របតាមអ្វីដែលថ្នាក់ដឹកនាំប្រគល់ជូន៕